ប្រតិបតិ្តការយោធា របស់អ៊ីស្រាអែល នៅតែបន្តធ្វើជាធម្មតា នៅឡើយ នៅក្នុងតំបន់ភាគខាងត្បូង នៃប្រទេសលីបង់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានបន្តនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការវាយប្រហារ តាមអាកាស ការលុកលុយតាមផ្លូវគោក ព្រមទាំងការបាញ់គ្រាប់បែក ដោយកាំភ្លើងធំ ផង។
ប្រភពដដែលបានបញ្ជាក់ទៀតថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់មួយរវាង Zawtar al-Sharqiyah និង Mayfadoun នៅម៉ោងប្រហែល៧យប់ ហើយក្រោយមកតំបន់មួយទៀតរវាង Zawtar និង Arnoun ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការបំផ្ទុះដ៏ធំនៅ Arnoun al-Shaqif និងនៅជាយក្រុង Yahmar al-Shaqif ។
នៅក្នុងស្រុក Marjeyoun រថយន្តយោធាអ៊ីស្រាអែលបានធ្វើដំណើរទៅទិសខាងកើតនៃ Khiam ក្រោមការបាញ់កាំភ្លើង ហើយកងកម្លាំងបានបើកការ វាយប្រហារដ៏ធំមួយ ។នៅក្នុងស្រុក Nabatieh ដែលជាអង្គភាពថ្មើរជើងរបស់អ៊ីស្រាអែល ដែលគាំទ្រដោយរថពាសដែក Hummer បានឈានទៅដល់ទន្លេ
Zawtar al-Gharbiyah ហើយបានធ្វើការបំផ្ទុះនៅតាមច្រាំងទន្លេនោះផង។
ជាការឆ្លើយតបទៅនឹងស្ថានការណ៍កាន់តែតានតឹង នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា អ្នកស្រុកដែលបានផ្លាស់
ទីលំនៅពីភាគខាងត្បូងលីបង់នឹងត្រលប់មកវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។
លោកSalam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគខាងត្បូងមិនគួរនៅតែជាវេទិកាបើកចំហសម្រាប់សង្គ្រាម និងជម្លោះដែលបានសម្រេចចិត្ត
នៅខាងក្រៅប្រទេសលីបង់ ហើយរដ្ឋត្រូវតែមានសិទ្ធិអំណាចផ្តាច់មុខ លើការសម្រេចចិត្តនៃសង្គ្រាម និងសន្តិភាពនៅក្នុងប្រទេសលីបង់៕
ប្រែសម្រួល៖ស៊ុនលី
