ប្រមុខមហាផ្ទៃ ៖ សុវត្ថិភាពពលរដ្ឋ ជាភារកិច្ចស្នូល ត្រូវយកចិត្តទុកដាក់ជាប្រចាំ
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ខេត្តបន្ទាយមានជ័យ ត្រូវចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចស្នូល ដែលត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្មី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកស សុខា បានណែនាំថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រឹង ស្មារតីទទួលខុសត្រូវ វិន័យ សីលធម៌វិជ្ជាជីវៈ និងការបម្រើប្រជាពលរដ្ឋ ដោយត្រូវចាត់ទុកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាភារកិច្ចស្នូលដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ។
លោកថា ការសម្ពោធអគារស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ មិនមែនគ្រាន់តែជាពិធីបង្ហាញសមិទ្ធផលរូបវន្តមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការយកចិត្តទុកដាក់លើការបង្កើតលក្ខខណ្ឌការងារ ឱ្យបានល្អប្រសើរ សម្រាប់មន្ត្រីនគរបាល ដែលត្រូវប្រឈមមុខនឹងភារកិច្ច ដ៏ស្មុគស្មាញជារៀងរាល់ថ្ងៃ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសនៅតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ច ប្រជាជនរស់នៅ និងការធ្វើដំណើរឆ្លងកាត់ច្រើន ។ ក្នុងនាមជាខេត្តជាប់ព្រំដែន ខេត្តបន្ទាយមានជ័យត្រូវការកងកម្លាំងនគរបាលដែលមានសមត្ថភាព មានវិន័យ និងមានការសហការល្អជាមួយអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ដើម្បីឆ្លើយតបចំពោះបញ្ហាសន្តិសុខ និងបទល្មើសគ្រប់ប្រភេទ។
រដ្ឋមន្រ្តីបន្ថែមថា មន្ត្រីនគរបាលត្រូវបន្តពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ព្រមទាំងបង្កើនការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យការងាររក្សាសន្តិសុខមូលដ្ឋានមានប្រសិទ្ធភាព និងទទួលបានការចូលរួមពីសហគមន៍៕
