ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ នៅតែបន្តសកម្មភាពការទូតដ៏សកម្ម និងរស់រវើការពារទឹកដី

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជានៅតែបន្តសកម្មភាពការទូតដ៏សកម្មនិងរស់រវើករបស់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។

ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ មិនដែលនៅស្ងៀមឡើយចំពោះមុខការរំលោភបំពានលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកខ្មែរដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ។

លោកថា “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្រោមអភិក្រមនេះ សម្តេចធិបតី ក៏ដូចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតមិនដែលភ្លេចសោះឡើយក្នុងការជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់បំផុត ដោយសន្តិវិធី ដើម្បីរក្សាសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ” ។

អ្នកនាំពាក្យបន្ថែមថា សកម្មភាពដែលរាជរដ្ឋាភិបាលតែងធ្វើជាប្រចាំ គឺការពញ្ញាក់ស្មារតីសហគមន៍តំបន់ និងអន្តរជាតិឱ្យបន្តតាមដានជាប់ជានិច្ចនូវអំពើឈ្លានពាន កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យពលរដ្ឋភៀសសឹកខ្មែរជិត២ម៉ឺននាក់ទៀតអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។ បញ្ហានេះត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើកឡើងជាថ្មីទៀតក្នុងសុន្ទរកថាគន្លឹះនាឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្នុងរាជធានីភ្នំពេញ កាលពីសប្តាហ៍កន្លងទៅ ។

លោកបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក៏បានថ្លែងថា ប្រទេសថៃកំពុងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនក្រោមលេសថា ទឹកដីកម្ពុជាខ្លះជាផ្នែកនៃល្បែងឆបោកតាមអនឡាញ។ សម្តេចតេជោ ហ៊ុន សែន បានហៅករណីនេះថា ជាការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែន ដូចជា ការឆបោកតាមអនឡាញនេះដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ ដែលនេះគឺជាទម្រង់នៃសង្គ្រាមលាបពណ៌ដើម្បីបំបាក់កេរ្តិ៍ឈ្មោះ ហើយដែលកម្ពុជាបានទទួលរងគ្រោះដោយទម្រង់នៃសង្គ្រាមនេះ៕

To Top