Feature

មន្ត្រីជាន់ខ្ពស់នរគបាលជាតិ ៖ ចាប់ពីថ្ងៃទី១កញ្ញាតទៅ ៥ខេត្ត ដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ នឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ ដោយមានការផាកពិន័យ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះតទៅ ខេត្តទាំង៥ ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ នឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ ដោយមានទាំងការផាកពិន័យ ខណៈការពិន័យប្រាក់ នឹងត្រូវទូទាត់ជាមួយធនាគារកាណាឌីយ៉ា ។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា រវាងស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជាមួយធនាគារកាណាឌីយ៉ា ក.អ តាមរយៈតំណាងធនាគារ លោកស្រី ឈាង សោភា ស្តីពីការប្រើប្រាស់សេវាកម្ម ធនាគារកាណាឌីយ៉ា ក.អ សម្រាប់ប្រតិបត្តិការ បង់ប្រាក់ពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានឱ្យដឹងថា ដោយពិនិត្យឃើញស្ថានភាពគ្រោះថ្នាក់ ដែលកើតឡើងយ៉ាងគំហុក នាពេលចុងក្រោយនេះ ជាពិសេស៥ខេត្ត មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តស្វាយរៀង ក្នុងរយៈពេល ៦ខែកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីរឹតបន្តឹងច្បាប់ឡើងវិញ។

លោកឧត្តមសេនីយ៍​ឯក ក៏បានគូសបញ្ជាក់ថា កន្លងទៅកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក គ្រាន់តែធ្វើការអប់រំ មិនធ្វើការផាកពិន័យទេ បានន័យថាអប់រំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគោរពច្បាប់ ប៉ុន្តែសង្កេតឃើញនៅតែមានកំណើនខ្ពស់ ។

លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ថ្លែងថា “ថ្ងៃស្អែកនេះ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ជាថ្ងៃដែល ៥ខេត្ត ដែលមានគ្រោះថ្នាក់ខ្ពស់នេះ យើងនឹងចាប់ផ្តើមរឹតបន្តឹង លើការអនុវត្តច្បាប់ដោយមានការពិន័យ ។ ក្នុងនោះការប្រើប្រាស់ល្បឿន ជាមូលហេតុចម្បងទី១ មូលហេតុ ផាកពិន័យតែប៉ុន្មានមុខ ដោយសារមូលហេតុទាំងនេះ វាធ្វើឱ្យគ្រោះថ្នាក់កើនខ្ពស់” ។

តាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយាសរបើកបរ លើសល្បឿនកំណត់ មានរហូត៤៦ភាគរយ នៃគ្រោះថ្នាក់, ការមិនគោរពសិទ្ធិអាទិភាព ក៏គ្រោះថ្នាក់ខ្ពស់ដែរ និងមួយទៀត គឺបើកបរក្នុងស្ថានភាពស្រវឹង ខណៈការរឹតបណ្តឹង អ្នកបើកបរក្នុងស្ថានភាពស្រវឹង បាននិងកំពុងតែធ្វើរហូតមក គ្រប់រាជធានីខេត្ត៕

To Top