ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ថ្កោលទោសការវាយប្រហារ របស់សហរដ្ឋអាមេរិក​ លើកោះភាគខាងត្បូង និងសង្កត់ធ្ងន់លើសិទ្ធិការពារខ្លួន

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់​ បានថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក​ ប្រឆាំងនឹងកោះឡារ៉ាក់​ ភាគខាងត្បូងរបស់អ៊ីរ៉ង់ថាជា “ទង្វើឈ្លានពាន” ដោយសង្កត់ធ្ងន់លើសិទ្ធរបស់អ៊ីរ៉ង់​ ក្នុងការការពារខ្លួន។

ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពអាមេរិកភេរវករ នៅយប់ថ្ងៃអាទិត្យ​ បានរំលោភលើអធិបតេយ្យភាព ជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ម្តងទៀត” ដោយបន្ថែម​ថា​ ការវាយប្រហារនេះបានសម្លាប់ និងរបួសបុគ្គលិកយោធា និងពលរដ្ឋអ៊ីរ៉ង់មួយចំនួន និងបណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។

ក្រសួងបានឧ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង “ការឈ្លានពានផ្នែកយោធា” និងក្នុងការអនុវត្ត “សិទ្ធិដើម” របស់អ៊ីរ៉ង់​ ក្នុងការការពារខ្លួនស្របច្បាប់ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​ បានធ្វើការវាយប្រហារ និងកំទេច ប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិក​ នៅហ្ស៊កដានី ដែលខ្លួនបានឧ្យដឹងថាត្រូវបានប្រើ​ ដើម្បីចាប់ផ្តើម និងគាំទ្រការវាយប្រហាររបស់សហរដ្ឋអាមេរិក។

ក្រសួងបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ចំពោះអសន្តិសុខនៅក្នុងផ្លូវដឹកជញ្ជូនក្នុងតំបន់ និងច្រកសមុទ្រហ័រមូស ដោយលើកឡើងពីការវាយប្រហាររបស់ពួកគេលើអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨​ ខែកុម្ភៈ និងការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។

ក្រសួងបានឧ្យដឹងទៀតថា អ៊ីរ៉ង់​ នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពានផ្នែកយោធា ណាមួយបន្ថែមទៀត ហើយសហរដ្ឋអាមេរិក និងភាគីដែលសហការជាមួយខ្លួននឹងទទួលខុសត្រូវ​ ចំពោះផលវិបាក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top