ខួប២៥ឆ្នាំ «ភាពជាដៃគូ ជំនួសឱ្យសម្ព័ន្ធភាព»៖ «ស្មារតីសៀងហៃ» ផ្តល់ភាពប្រាកដប្រជា ដល់ពិភពលោកដែលកំពុងប្រឈម នឹងភាពមិនច្បាស់លាស់
ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលក្រុមប្រឹក្សាប្រមុខរដ្ឋលើកទី២៦របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្រោមប្រធានបទ«ខួប២៥ឆ្នាំនៃSCO៖ រួមគ្នាឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព ការអភិវឌ្ឍ និងភាពរុងរឿង» ដែលប្រព្រឹត្តឡើងនៅរដ្ឋធានីប៊ីស្កេក នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ស្របពេលដែលជាឆ្នាំ របស់អង្គការនេះ ប្រារព្ធខួប២៥ឆ្នាំនៃការបង្កើត កំពុងទាក់ទាញការចាប់អារម្មណ៍ ខាងនយោបាយអន្តរជាតិ។ កិច្ចប្រជុំនេះមិនត្រឹមតែជាវេទិកា សម្រាប់ពិភាក្សាអំពីបញ្ហាតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស សម្រាប់ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងបរិបទពិភពលោកដែលកំពុងមានភាពមិនប្រាកដប្រជាកាន់តែខ្លាំង។
ក្នុងរយៈពេល២៥ឆ្នាំ SCOបានវិវត្តពីក្របខណ្ឌផ្តោតលើការកសាងទំនុកចិត្ត និងសន្តិសុខក្នុងតំបន់ ទៅជាវេទិកាដែលគ្របដណ្តប់លើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យា កសិកម្ម និងការផ្លាស់ប្តូររវាងប្រជាជន ។ ការវិវត្តនេះបង្ហាញថា សន្តិសុខ និងការអភិវឌ្ឍត្រូវបានមើលឃើញថា មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។ ក្នុងអត្ថបទដែលលោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយ នៅប្រព័ន្ធផ្សព្វផ្សាយកៀហ្ស៊ីស៊ីស្ថាន មុនពេលចូលរួមកិច្ចប្រជុំកំពូល លោកបានរំលឹកពីសារៈសំខាន់នៃ «ស្មារតីសៀងហៃ» ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះយោបល់ ការគោរពភាពចម្រុះនៃអរិយធម៌ និងការស្វែងរកការអភិវឌ្ឍរួម។ អត្ថន័យសំខាន់នៃទស្សនៈនេះ គឺការលើកកម្ពស់ «ភាពជាដៃគូជំនួសឱ្យសម្ព័ន្ធភាព»។ ប្រទេសដែលមានប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ខុសគ្នា មិនចាំបាច់មានទស្សនៈដូចគ្នា
ទាំងអស់ ទើបអាចសហការគ្នាបានឡើយ។ អ្វីដែលសំខាន់គឺការគោរពគ្នា ការសន្ទនា និងការស្វែងរកចំណុចរួមដែលអាចបង្កើតផលប្រយោជន៍សម្រាប់គ្រប់ភាគី។
ក្នុងបរិបទនេះ «ស្មារតីសៀងហៃ» មានន័យនយោបាយ លើសពីក្របខណ្ឌរបស់ SCO ព្រោះវាឆ្លុះបញ្ចាំងពីការ ស្វែងរកវិធីសាស្ត្រមួយសម្រាប់ការរស់នៅជាមួយភាពខុសគ្នា ដោយមិនចាំបាច់បែងចែកពិភពលោកជាប្លុកប្រឈមមុខគ្នា។ ទន្ទឹមនឹងនេះ លោក Xi Jinping ក៏បានសង្កត់ធ្ងន់ លើការពង្រឹងពហុភាគីនិយម ប្រព័ន្ធអន្តរជាតិដែលមានអង្គការ សហប្រជាជាតិជាស្នូល និងការគោរពច្បាប់អន្តរជាតិ។ គតិបណ្ឌិតនេះបង្ហាញថា SCO កំពុងព្យាយាមភ្ជាប់កិច្ចសហប្រតិបត្តិការតំបន់ជាមួយការពិភាក្សាធំជាងនេះអំពីអនាគតនៃអភិបាលកិច្ចសកល។ សម្រាប់ពិភពលោកដែលកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងសេដ្ឋកិច្ច និងបញ្ហាឆ្លងព្រំដែនជាច្រើន ការពង្រឹងការសន្ទនានិងកិច្ច សហប្រតិបត្តិការពហុភាគី អាចជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយការយល់ច្រឡំ និងបង្កើតបរិយាកាសសម្រាប់សន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ការពង្រីកកិច្ចសហប្រតិបត្តិការរបស់ SCO ទៅកាន់ពាណិជ្ជកម្ម ថាមពល ការដឹកជញ្ជូន ភស្តុភារកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល កំពុងបង្កើតមូលដ្ឋានថ្មីសម្រាប់ការតភ្ជាប់អឺរ៉ាស៊ី។ ការតភ្ជាប់កាន់តែប្រសើរ អាចជំរុញពាណិជ្ជកម្ម បង្កើតទីផ្សារថ្មី និងបង្កើនឱកាសអភិវឌ្ឍសម្រាប់ប្រទេសក្នុងតំបន់។ ក្នុងន័យនេះ ប៊ីស្កេក ២០២៦ មិនគួរត្រូវបានមើលឃើញត្រឹមជាកិច្ចប្រជុំប្រារព្ធខួប២៥ឆ្នាំរបស់ SCO ទេ ប៉ុន្តែជាឱកាស សម្រាប់បង្កើន«ស្មារតីសៀងហៃ» បន្តបម្លែងទៅជាកិច្ចសហប្រតិបត្តិការដែលមានលទ្ធផលជាក់ស្តែងបានកាន់តែប្រសើរឡើង។
ក្រៅពីវិស័យនយោបាយនិងសន្តិសុខ កម្លាំងសេដ្ឋកិច្ចក៏កំពុងក្លាយជាមូលដ្ឋានសំខាន់មួយនៃឥទ្ធិពលរបស់SCO។ ជាក់ស្តែង ប្រទេសសមាជិកទាំង១០របស់SCO រួមគ្នាតំណាងឱ្យប្រមាណ៤២%នៃប្រជាជនពិភពលោក និង ប្រហែល ២៣–២៥% នៃGDPរបស់ពិភពលោក។ ទំហំសេដ្ឋកិច្ចនេះមានសារៈសំខាន់ជាពិសេស ព្រោះ SCO រួមបញ្ចូលសេដ្ឋកិច្ចធំៗដូចជា ចិន ឥណ្ឌា និងរុស្ស៊ី ព្រមទាំងសេដ្ឋកិច្ចដែលកំពុងមានកំណើនលឿននៅអាស៊ីកណ្តាល។ ក្នុងន័យនេះ កម្លាំងរបស់SCOមិនស្ថិតនៅត្រឹមទំហំGDPបច្ចុប្បន្នទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសក្តានុពលនៃការរីកចម្រើន ការតភ្ជាប់ទីផ្សារ ថាមពល ធនធានធម្មជាតិ បច្ចេកវិទ្យា និងទីផ្សារអ្នកប្រើប្រាស់ដ៏ធំ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ីកណ្តាលក៏កំពុងបង្ហាញសន្ទុះសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ ឧទាហរណ៍ សេដ្ឋកិច្ចកៀហ្ស៊ីស៊ីស្ថានបានកត់ត្រាកំណើនGDP ១១.១% ក្នុងឆ្នាំ២០២៥។ និន្នាការនេះបង្ហាញថា កិច្ចសហប្រតិបត្តិការSCO កំពុងផ្លាស់ប្តូរពីការផ្តោតលើសន្តិសុខទៅកាន់ការបង្កើតកម្លាំងជំរុញសេដ្ឋកិច្ច និងការតភ្ជាប់ ក្នុងតំបន់។ ការរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ភស្តុភារកម្ម ពាណិជ្ជកម្ម ឌីជីថល និងហិរញ្ញវត្ថុ អាចបង្កើតខ្សែសង្វាក់តម្លៃថ្មីនិងបើកទីផ្សារថ្មីនៅទូទាំងអឺរ៉ាស៊ី។
ជារួមពិភពលោកបានយល់ច្បាស់ថា «ស្មារតីសៀងហៃ» មិនមែនជាជញ្ជាំងបែងចែកពិភពលោកជាប្លុកទេ ប៉ុន្តែជាស្ពានសម្រាប់ភ្ជាប់ប្រទេសដែលមានភាពដោយឡែកពីគ្នា និងលក្ខណៈពិសេសរៀងៗខ្លួន តាមរយៈការជឿទុកចិត្ត ការពិគ្រោះយោបល់ ភាពជាដៃគូ សន្តិសុខរួម និងការអភិវឌ្ឍរួម។ ដោយមានប្រទេសចិនជាស្នូល នោះ គោលការណ៍ទាំងនេះតែងត្រូវបានអនុវត្តកាន់តែជាក់ស្តែង ដែលបានក្លាយជាចលករជូនដល់ SCO បន្តបំពេញតួនាទីយ៉ាងសំខាន់និងកាន់តែមានភាពបុរេសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការអឺរ៉ាស៊ី និងពហុភាគីនិយមក្នុងសតវត្សរ៍ទី២១៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
