លោកXi Jinping អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ
ព្រឹកថ្ងៃទី១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៦នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងBishkekប្រទេសកៀងហ្ស៊ីស៊ីស្ថាននិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃសម្រេចបានការអភិវឌ្ឍប្រកបដោយគុណភាពកាន់តែខ្ពស់»។
លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៦ជាខួបទី២៥នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ។២៥ឆ្នាំកន្លងទៅនេះ សមិទ្ធផលអភិវឌ្ឍន៍ធំបំផុតរបស់អង្គការសហប្រតិបត្តិការសៀងហៃគឺអង្គការនេះបានបោះជំហានក្លាយទៅជាអង្គការសហប្រតិបត្តិការជាលក្ខណៈតំបន់បែបថ្មីដែលមានផ្ទៃដីធំបំផុត ចំនួនប្រជាជនច្រើនបំផុត និងមានសក្កានុពលធំបំផុតជាបណ្តើរៗ។ទ្រព្យសម្បត្តិខាងស្មារតីដែលថ្លែថ្លាបំផុតគឺលើកឡើង “ស្មារតីសៀងហៃ”ដែលមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សា គោរពពិពិធកម្មអរិយធម៌ចម្រុះ និងស្វែងរកការអភិវឌ្ឍរួម។បទពិសោធខាងកិច្ចសហប្រតិបត្តិការសំខាន់បំផុតគឺស្វែងរកវិធីសាស្ត្រដែលរួមរស់ជាមួយគ្នាដោយមិនបង្កើតបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នានិងមិនសំដៅចំពោះភាគីទីបី។
លោកXi Jinpingបានលើកឡើងគំនិតផ្តួចផ្តើម៤ចំណុច។ទី១ ប្រកាន់ខ្ជាប់ការអភិវឌ្ឍជាអាទិភាព ត្រួសត្រាយអនាគតដែលមានវិបុលភាពរួម។ទីពីរ ប្រកាន់ខ្ជាប់សន្តិសុខជាចម្បងនិងបង្កបរិយាកាសសន្តិសុខជាទូទៅ។ទីបី ប្រកាន់ខ្ជាប់ការចាត់ទុកប្រជាជនជាមូលដ្ឋាននិងបង្កើតមូលដ្ឋានគ្រឹះសម្រាប់មិត្តភាពគ្រប់ជំនាន់។ទីបួន ប្រកាន់ខ្ជាប់ការសន្ទនានិងពិគ្រោះពិភាក្សានិងកែលម្អអភិបាលកិច្ចដែលមានយុត្តិធម៌និងមានសណ្តាប់ធ្នាប់។
ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក បានចុះហត្ថលេខានិងចេញផ្សាយ«សេចក្តីប្រកាស
ក្រុងBishkekរបស់ក្រុមប្រឹក្សា ប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃ»និងបានអនុម័តលើការធ្វើវិសោធនកម្មនិងបំពេញបន្ថែមខ្លឹមសារនៃឯកសារសមិទ្ធផលចំនួន២៨ បូករួមទាំងពិធីសារ«ធម្មនុញ្ញអង្គការសហប្រតិបត្តិការសៀងហៃ»ជាដើម៕
