រដ្ឋមន្ត្រី ហេង សួរ ៖ ទីផ្សារការងារនាពេលអនាគត ត្រូវការកម្លាំងពលកម្មមានជំនាញពិតប្រាកដកាន់តែច្រើន
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តាមការប៉ាន់ស្មានរបស់ក្រសួង ជំនាញបច្ចេកទេសនឹងមានតម្រូវការ នៅក្នុងទីផ្សារការងារកាន់តែខ្ពស់ជាងមុន សម្រាប់ជំនាញ ដែលត្រូវយកមកបំពេញនៅក្នុងវិស័យធំៗ៣ រួមមានវិស័យ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ដែលទាមទារឱ្យអ្នកដែលមានជំនាញពិតប្រាកដ មកបំពេញកម្លាំងពលកម្មនាពេលអនាគត។

ថ្លែងក្នុងកម្មវិធី កញ្ចក់ទិព្វ Podcast នៅយប់ថ្ងៃទី៣១ ខែសីហា លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «
កម្រិតជំនាញនៅក្នុងទីផ្សារការងារ ទោះបីជានៅក្នុងវិស័យដដែលក៏ដោយ ប៉ុន្តែតម្រូវការកម្រិតជំនាញនឹងខ្ពស់ជាងមុន។ ៤-៥ឆ្នាំទៅមុខទៀត គឺយើងត្រូវការអ្នកមេកាត្រូនិក និងអ្នកដែលអាចសរសេរកម្មវិធីដែលអាចបញ្ជានូវខ្សែចង្វាក់ផលិតកម្ម»។

បើយោងតាមលោករដ្ឋមន្ត្រី បច្ចុប្បន្ន រោងចក្រជាច្រើនបានចាប់ផ្តើមជ្រើសរើសប្រើប្រាស់រ៉ូបូត ឬបង្វែរមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលនេះបានបង្ហាញថា តម្រូវការជំនាញបច្ចេកទេស និងបច្ចេកវិទ្យាកំពុងមានការកើនឡើងខ្ពស់ជាងមុន នៅក្នុងទីផ្សារការងារដែលតែងតែត្រូវការអ្នកមានជំនាញពិតប្រាកដ ជាពិសេសអ្នកបច្ចេកទេសដែលអាចចូលរួមគ្រប់គ្រង ប្រតិបត្តិការ និងថែទាំខ្សែសង្វាក់ផលិតកម្មបែបស្វ័យប្រវត្តិកម្ម។

លោករដ្ឋមន្ត្រីក្រសួងការងារបានបន្ថែមថា ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញបច្ចេកទេស គឺជាកត្តាសំខាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងជួយឱ្យវិស័យធំៗទាំងបី អាចរក្សាបាននូវនិរន្តរភាព និងបន្តដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

