ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ ប្ដេជ្ញាបន្តគាំទ្រអ៊ុយក្រែន​ កុនុងសង្គ្រាមជាមួយរុស្ស៊ី

ឡុងដ៍៖ ប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅទីក្រុង Wicklow ប្រទេសអៀរឡង់ថា​ សហភាពអឺរ៉ុប នឹងបង្កើនការគាំទ្រ របស់ខ្លួនដល់អ៊ុយក្រែន និងវិនិយោគលើវិស័យ ការពារជាតិរបស់ខ្លួន។

លោកស្រី Kallas បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការ របស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហភាពអឺរ៉ុបថា “សហភាពអឺរ៉ុប​ បន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ុយក្រែន​ តាមរយៈប្រាក់កម្ចីគាំទ្រអ៊ុយក្រែន” ដោយបន្ថែមថា សហភាពអឺរ៉ុប​ បានចំណាយប្រាក់ចំនួន ៨.៣៧ពាន់លានអឺរ៉ូ (៩.៧ពាន់លានដុល្លារអាមេរិក) រួចហើយក្នុងការគាំទ្រវិស័យការពារជាតិសម្រាប់អ៊ុយក្រែន និង “ជាមួយនឹងជំនួយជាច្រើនទៀត​ ដែលនឹងមកដល់”។

ស្តីពីអនាគតនៃបេសកកម្មជំនួយយោធារបស់សហភាពអឺរ៉ុប​ ក្នុងការគាំទ្រដល់អ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអៀរឡង់ លោកស្រី Helen McEntee បានឧ្យដឹងថា អៀរឡង់នឹងផ្តល់ថវិកាចំនួន ១០លានអឺរ៉ូ (១១.៦លានដុល្លារ) ដល់បេសកកម្មនេះ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ១២៥លានអឺរ៉ូ (១៤៥លានដុល្លារ) សម្រាប់អ៊ុយក្រែន ដែលបានប្រកាសដោយអៀរឡង់​ ក្នុងខែកក្កដា។

កិច្ចប្រជុំក្រៅផ្លូវការ ដែលបានធ្វើឡើងនៅទីក្រុង​ Wicklow នៅថ្ងៃចន្ទ និងថ្ងៃអង្គារ គឺជាផ្នែកមួយនៃតំណែង ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប​ បច្ចុប្បន្នរបស់អៀរឡង់។ កិច្ចប្រជុំនេះបានប្រមូលផ្តុំរដ្ឋមន្ត្រីការពារជាតិ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រជាជាងការធ្វើការសម្រេចចិត្តជាផ្លូវការ។

របៀបវារៈរួមមានការគាំទ្រជាបន្តបន្ទាប់របស់សហភាពអឺរ៉ុប​ ចំពោះអ៊ុយក្រែន សន្តិសុខអវកាស និងសមុទ្រ និងស្ថានភាពនៅលីបង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top