Feature

រដ្ឋមន្ដ្រីឧស្សាហកម្ម អំពាវនាវ ឱ្យវិនិយោគិនចិន ពង្រីការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានអំពាវនាវឱ្យវិនិយោគិនចិនពង្រីការវិនិយោគបន្ថែម ក្នុងវិស័យអេឡិចត្រូនិក យានយន្ត គ្រឿងបង្គុំ គ្រឿងម៉ាស៊ីន ការកែច្នៃកសិផល ផលិតកម្មបៃតង និងបច្ចេកវិទ្យាឌីជីថល។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូល សហគ្រិន ចិន-អាស៊ាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោករដ្ឋមន្ដ្រី ហែម វណ្ណឌី បានលើកឡើងពីសារសំខាន់ នៃភាពជាដៃគូសេដ្ឋកិច្ចកម្ពុជា-ចិន ដែលគួរវិវត្តស្របតាមដំណាក់កាលអភិវឌ្ឍន៍របស់កម្ពុជា និងត្រូវផ្តោតកាន់តែខ្លាំងលើគុណភាព និងផលទូលំទូលាយនៃការវិនិយោគ ។

លោក រដ្ឋមន្ត្រី បានបន្តថា ដំណាក់កាលបន្ទាប់នៃឧស្សាហូបនីយកម្មរបស់កម្ពុជា ត្រូវជំរុញដោយផលិតភាព បច្ចេកវិទ្យា ជំនាញ ស្តង់ដា នវានុវត្តន៍ និងខ្សែច្រវាក់ផ្គត់ផ្គង់ដែលកាន់តែរឹងមាំ។ លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគចិនពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក តាមរយៈការបង្កើនការប្រើប្រាស់ធាតុចូលផលិតកម្ម ក្នុងស្រុក អភិវឌ្ឍអ្នកផ្គត់ផ្គង់កម្ពុជា ចាប់ដៃគូជាមួយ SME និងភ្ជាប់សហគ្រាសក្នុងស្រុក ទៅកាន់ខ្សែច្រវាក់តម្លៃតំបន់ និងសកល ។

លោក ហែម វណ្ណឌី បានអំពាវនាវឱ្យវិនិយោគិនចិនពង្រីការវិនិយោគបន្ថែម ក្នុងវិស័យអេឡិចត្រូនិក យានយន្ត គ្រឿងបង្គុំ គ្រឿងម៉ាស៊ីន ការកែច្នៃកសិផល ផលិតកម្មបៃតង និងបច្ចេកវិទ្យាឌីជីថល ដោយសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងនាពេលអនាគតរបស់កម្ពុជា មិនអាចពឹងផ្អែកតែលើកម្លាំងពលកម្ម ដែលមានតម្លៃទាបនោះទេ ។

លោក រដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការតភ្ជាប់កាន់តែជិតស្និទ្ធ រវាងវិស័យឧស្សាហកម្ម ជាមួយសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ របស់ប្រទេសទាំងពីរ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ពាណិជ្ជូបនីយកម្ម ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍៕

To Top