ប្រធានាធិបតីអ៊ុយក្រែន និយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបិទដែនអាកាសរុស្ស៊ី យ៉ាងមានប្រសិទ្ធភាព
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានព្រមានក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនធានារ៉ាប់រងកាលពីថ្ងៃអង្គារថា វត្តមានយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើឱ្យផ្ទៃមេឃរុស្ស៊ីមានគ្រោះថ្នាក់ក្នុងការប្រើប្រាស់ ហើយពួកគេត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូ ពេលយប់របស់លោកថា “ថ្ងៃនេះ យើងចង់ព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ អ្នករាល់គ្នាដែលនៅតែប្រើប្រាស់អាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ី៖ ផ្ទៃមេឃរុស្ស៊ីកំពុងក្លាយជាគ្រោះថ្នាក់ទាំងស្រុង”។
លោកបាននិយាយថា អ៊ុយក្រែនមិនបង្កការគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិលទេ “ប៉ុន្តែនឹងមានយន្តហោះគ្មានមនុស្សបើកនៅលើផ្ទៃមេឃរបស់រុស្ស៊ី ហើយការជូនដំណឹងត្រូវតែធ្វើឡើង”។
លោក Zelenskiy បានបន្ថែមថា “ទោះបីជាអាជ្ញាធររុស្ស៊ីមិនបានប្រកាសវាឱ្យបានត្រឹមត្រូវក៏ដោយ ដែនអាកាសរុស្ស៊ីនឹងបិទជាស្ថាពរ។ សង្គ្រាមដែលចាប់ផ្តើមដោយរុស្ស៊ី កំពុងបិទផ្ទៃមេឃរបស់ខ្លួន”។
សូមជម្រាបថា រុស្ស៊ីបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនទៅលើទីក្រុងគៀវ និងទីក្រុងដទៃទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការវាយប្រហារចុងក្រោយរបស់ទីក្រុងមូស្គូបានសម្លាប់មនុស្ស ១២ នាក់ និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស ដែលជាការវាយប្រហារយ៉ាងខ្លាំងនៅថ្ងៃទីប្រាំមួយជាប់ៗគ្នាលើរដ្ឋធានីអ៊ុយក្រែន។
ប្រែសម្រួលៈ ណៃ តុលា
