កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន ជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពដែកថែប
ភ្នំពេញ ៖ កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» គឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរីកចម្រើន។
ជាក់ស្ដែង នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអញ្ជើញសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ជាថ្មីអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ដើម្បីធានាបាននូវបរិយាកាសធុរកិច្ចប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ក្នុងស្មារតីនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ចំពោះការផ្តល់កិច្ចគាំទ្រពេញទំហឹង និងការយកចិត្តទុកដាក់រៀបចំ «កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន» ប្រកបដោយលទ្ធផលផ្លែផ្កា និងទទួលបានជោគជ័យត្រចះត្រចង់ សបញ្ជាក់ ពីមិត្តភាពដ៏ស្មោះត្រង់និងរឹងមាំ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌ «សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។
តាមរយៈកិច្ចសន្ទនា ដោយភាពស្មោះត្រង់ ក្នុងស្មារតីសហការខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានបង្ហាញការវាយតម្លៃ ដែលមានន័យក្នុងទិសដៅរួមថា «កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ចិន» មិនត្រឹមតែជាយន្តការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈម ជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានចម្លងយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាពដែកថែប និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជានិងចិន ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ ។
ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលផ្លែផ្កាដែលទទួលបានពីយន្តការនៃកិច្ចសន្ទនានេះ ព្រមទាំងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនទំហំវិនិយោគទ្វេភាគី លើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផល និងឆ្លើយតបបានទាន់ពេលវេលា សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាជន និងប្រទេសទាំងពីរ ៕
