Feature

រថយន្តកូរ៉េដឹកអុសចម្រុះ ត្រូវដេញត្រឡប់ក្រោយវិញ បន្ទាប់ពីដឹកដល់ច្រកទ្វារទ្វេភាគីឡាប៉ាខេ

មណ្ឌលគិរីៈ រថយន្តធន់កូរ៉េខ្នាតធំ១គ្រឿង ត្រូវបាននគរបាល នៃច្រកទ្វាទ្វេភាគីឡាប៉ាខេ ដេញឲ្យបកក្បាលត្រឡប់ក្រោយវិញ គ្រាដែលតៃកុងបានបើកជិតដល់ប៉ារ៉ាស់ នៃច្រកទ្វាទៅហើយនោះ។

ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី៧កញ្ញានេះ មុខច្រកទ្វាទ្វេភាគីឡាប៉ាខេ ក្នុងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

មុនការដេញអោយត្រឡប់ក្រោយវិញ រថយន្តដឹកអុសចម្រុះមួយគ្រឿងនេះ ត្រូវបានគេអះអាងថា ដឹកចេញពីតំបន់ប៉ោដើមស្វាយ ដែលនៅគៀកនិងដែនជម្រកសត្វព្រៃកែវសីមា និងបានបើកបរកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា ស្នាក់ការគយចល័ត និងបន្តដល់ច្រកទ្វាទ្វេភាគីតែម្តង។

ករណីដដែលនេះ យោងទៅលើនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ លោកឈាង ណាក់ ថារាល់អុសចម្រុះ ដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ គឺជាបទល្មើស នៃការដឹកជញ្ជួនផលអនុផលព្រៃឈើ។លោកក៏សូមអធ្យាស្រ័យផងដែរចំពោះករណីនេះ ដោយលោកមានធុរៈបន្ទាន់ជាមួយក្រុមគ្រួសារទើបមិនបានមកបង្ក្រាបទាន់ពេលវេលា។

លោកហ៊ន គាសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វាទ្វេភាគីឡាប៉ា បានឲ្យមន្ត្រីពិនិត្យនិងឃើញថា មិនមែនជាអុសស្រុក (អុសលាយផ្តេសផ្តាស់)លោកបានបញ្ជាអោយមន្ត្រីដេញត្រឡប់ក្រោយវិញ។

លទ្ធផលចុងក្រោយ រថយន្តដឹកអុសចម្រុះត្រូវបានចាកចេញពីទឹកដីស្រុកកែវសីមា យ៉ាងរលូន ដោយគ្មានមន្ត្រីជំនាញធ្វើការបង្ក្រាបនោះឡើយ៕

ដោយៈចាន់បុត្រ/ដើមអម្ពិល/មណ្ឌលគិរី

To Top