IRGC អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយនាវាដឹកប្រេងរបស់ខ្លួន ២គរឿង ត្រូវបានកងកម្លាំងសហរដ្ឋអាមេរិក វាយប្រហារ
តេអេរ៉ង់៖ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចំនួន ២ គ្រឿងត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសនៅយប់ថ្ងៃអង្គារ ខណៈដែលកងឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាឱ្យក្រុមនាវិក ចេញពីកប៉ាល់ដឹកប្រេង នៅកំពង់ផែគុយវ៉ែត និងបារ៉ែន ។
កប៉ាល់ដឹកប្រេងមួយគ្រឿងត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅចម្ងាយប្រហែល ៦.៥ គីឡូម៉ែត្រ ពីកោះ Kharg ភាគខាងត្បូងរបស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។
សារព័ត៌មាននេះបានដកស្រង់ប្រភពក្នុងស្រុកថា ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។
កប៉ាល់ដឹកប្រេងទីពីរត្រូវបានវាយប្រហារនៅស្រុក Jask ខេត្ត Hormozgan នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ IRIB ដោយបន្ថែមថា សមាជិកនាវិករបស់កប៉ាល់ដឹកប្រេងទាំងពីរនាក់កំពុងត្រូវបានដឹកជញ្ជូនទៅស្រុក Jask នៅក្នុងទូកសង្គ្រោះ។
បន្ទាប់ពីឧប្បត្តិហេតុទាំងនេះ កងទ័ពជើងទឹក IRGC បានព្រមានសមាជិកនាវិកទាំងអស់ នៃកប៉ាល់ដឹកប្រេងនៅកំពង់ផែ ក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ឲ្យជម្លៀសនាវារបស់ពួកគេចេញជាបន្ទាន់។
កងទ័ពជើងទឹកអ៊ីរ៉ង់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រ Sepah News ថា “ដោយសារសកម្មភាពព្យាបាទ របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាភេរវករក្នុងការកំណត់គោលដៅ លើកប៉ាល់ដឹកប្រេងជាច្រើនគ្រឿង របស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ យើងសូមព្រមានសមាជិកនាវិកទាំងអស់ នៃកប៉ាល់ដឹកប្រេងនៅកំពង់ផែនៃប្រទេសគុយវ៉ែត និងបារ៉ែន ដែលជាកន្លែងទទួលភេរវករទាំងនេះ និងជាអ្នកសមគំនិតក្នុងសកម្មភាពព្យាបាទរបស់ពួកគេ ឲ្យចាកចេញពីនាវា របស់ពួកគេជាបន្ទាន់ មិនថានៅកំពង់ផែ ឬមិនមែនកំពង់ផែនោះទេ ព្រោះពួកគេនឹងត្រូវ បានកំណត់គោលដៅ”៕
ប្រែសម្រួល ឈូក បូរ៉ា
