កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសមានវិស័យទេសចរណ៍ ធម្មជាតិល្អបំផុត
ភ្នំពេញ ៖ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ល្អបំផុត។ យោងតាមរបាយការណ៍ វាយតម្លៃចុងក្រោយ របស់ស្ថាប័នវាយតម្លៃអន្តរជាតិU.S News & World Report។

ប្រជាជនកម្ពុជា ពិតជាមមានមោទកភាពជាតិ យ៉ាងក្រៃលឺង និងបានចូលរួមអបអរសាទរ ជាមួយសមិទ្ធផល និងជោគជ័តថ្មីបន្ថែមទៀត ដែលកើតពីផ្លែផ្កានៃសន្តិភាពនិងការខិខំប្រឹងប្រែងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញដ៏ត្រឹមត្រូវ ច្បាស់លាស់ ឆ្ពោះទៅសម្រេច ទស្សនវិស័យឆ្នាំ២០៥០។
សមិទ្ធផលដ៏គួរឱ្យមោទនភាពរបស់ប្រទេសនិងប្រជាជនកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិមើលឃើញ ថាជាលទ្ធផលកើតឡើងដោយផ្ទាល់ពី ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ បង្កលក្ខណៈ ដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកម្ពស់ការអភិរក្សជីវៈចម្រុះ និងជីវភាពសហគមន៍មូលដ្ឋាននានា។
លើសពីនេះ តំបន់លម្ហែបៃតងនៅតាមតំបន់ការពារធម្មជាតិ កំពុងបង្ហាញសក្តានុពល និងការទាក់ទាញទេសចរណ៍ធម្មជាតិ ដែលជំរុញឱ្យកម្ពុជា បង្កើតបានសក្តានុពលយ៉ាងសំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរគ្រប់ទិសទី ទាំងជាតិនិងអន្តរជាតិ ដែលស្រឡាញ់ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថានបានល្អប្រសើរ ជាលំដាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងការចង្អុលបង្ហាញ ជាយុទ្ធសាស្ត្រយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យក្លាយទៅជាម្ចាស់ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ផ្សារភ្ជាប់នឹងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាព ។ គោរពតាមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ក្រសួងបរិស្ថានកម្ពុជា កំពុងជំរុញយ៉ាងសកម្មលើការអភិវឌ្ឍ «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំគោលដៅលំហែបៃតងរួចជាស្រេចនូវ ២ ទីតាំង និងមានផែនការដំឡើងទៅជា «របៀងលំហែបៃតង» ផ្សារភ្ជាប់គ្នាក្នុងខេត្តដែលមានសក្តានុពល។ ក្នុងពេលកន្លងមក ក្រសួងបានអនុវត្ត ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» (ខេត្តកំពង់ស្ពឺ) និងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» (ខេត្តសៀមរាប) ហើយបន្ទាប់មក បានផែនពង្រីក និងតភ្ជាប់បន្ថែម តំបន់សក្តានុពលផ្សេងទៀត ដូចជា ភ្នំខ្នងផ្សារ និងតំបន់ ទេទឹកពុះ (ខេត្តកំពង់ស្ពឺ)៕
