កម្មកររោងចក្រ លានហ្វា និងប៉ូលស្តា ចូលធ្វើការវិញជាធម្មតា ក្រោយក្រសួងការងារ សម្របសម្រួលបញ្ចប់ បញ្ហាដោយសន្តិវិធី
ពោធិ៍សាត់៖ បងប្អូនកម្មករនិយោជិត នៃរោងចក្រលានហ្វា និងប៉ូលស្តា ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលបំពេញការងារវិញជាធម្មតា បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាយ៉ាងរហ័ស និងទាន់ពេលវេលា រហូតឈានដល់ការបញ្ចប់ ដោយសន្តិវិធីកាលពីថ្ងៃទី៨ ខែកញ្ញា។

ការចូលធ្វើការវិញ របស់កម្មករនិយោជិតនៅរោងចក្រទាំងពីរ បានធ្វើឱ្យដំណើរការផលិតកម្ម និងស្ថានភាពទូទៅ វិលមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីក្រុមការងារ របស់ក្រសួងបានចុះទៅទីតាំងភ្លាមៗ ដើម្បីស្តាប់កង្វល់ របស់កម្មករនិយោជិត និងសម្របសម្រួលជាមួយនិយោជក ក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «អ្វីដែលក្រសួងចង់ឃើញបំផុត គឺបញ្ហាត្រូវបានដោះស្រាយដោយសន្តិវិធី កម្មករទទួលបានការយកចិត្តទុកដាក់ចំពោះកង្វល់របស់ពួកគាត់ ហើយរោងចក្រអាចបន្តដំណើរការផលិតកម្មជាធម្មតា។ ករណីនេះបង្ហាញថា នៅពេលភាគីទាំងអស់បើកចិត្តសន្ទនា និងចូលរួមស្វែងរកដំណោះស្រាយដោយសុច្ឆន្ទៈ បញ្ហាអាចដោះស្រាយបានយ៉ាងឆាប់រហ័ស និងដោយសន្តិវិធី»។
លោកបានបន្ថែមថា ក្រសួងការងារបន្តប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាការងារតាមរយៈការសន្ទនា ការសម្របសម្រួល និងយន្តការច្បាប់ ដោយគិតគូរទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ព្រមទាំងនិរន្តរភាពនៃសហគ្រាស និងការងារដោយគោលដៅសំខាន់គឺធ្វើយ៉ាងណាឱ្យកម្មករអាចបន្តមានការងារធ្វើ និយោជកអាចបន្តផលិតកម្ម ហើយភាគីទាំងពីររក្សាបានទំនាក់ទំនងវិជ្ជាជីវៈល្អ និងសុខដុមរមនាក្នុងកន្លែងការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដានស្ថានភាពនៅរោងចក្រទាំងពីរ និងលើកទឹកចិត្តឱ្យនិយោជក កម្មករនិយោជិត និងតំណាងពាក់ព័ន្ធ បន្តប្រើប្រាស់ការសន្ទនា និងយន្តការស្របច្បាប់ក្នុងការដោះស្រាយ បញ្ហាណាមួយដែលកើតមាន ដើម្បីរួមគ្នារក្សាបរិយាកាសការងារល្អ និងគោលដៅ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»៕
