កម្ពុជា ប្ដេជ្ញាបង្កើតបរិយាកាស វិនិយោគមានភាពរស់រវើក និងអំណោយផលខ្ពស់
ភ្នំពេញ ៖ លោក ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគ ដែលមានភាពរស់រវើក និងអំណោយផលខ្ពស់។

ក្នុងពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) បានប្រព្រឹត្តទៅនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់ នៃការជ្រើសរើសការពង្រឹង កិច្ចសហប្រតិបត្តិការ និងការបើកចំហសេដ្ឋកិច្ច រវាងប្រទេសនិងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
លោក បានលើកឡើងថា កម្ពុជា គឺជាគំរូយ៉ាងប្រត្យក្សមួយ នៃការទាញយកផលប្រយោជន៍ពីនយោបាយបើកចំហ ដែលបានផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបន្ទាប់ពីឆ្លងកាត់សង្គ្រាម និងការរស់នៅដោយឯកោ មកជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាមរយៈ៖
១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងយ៉ាងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។
២. ការអនុវត្តច្បាប់ និងការលើក កម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់ លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។
៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP៕
