កងកម្លាំង IRGC អ៊ីរ៉ង់ បេីកការវាយប្រហារមូលដ្ឋាន ទ័ពអាមេរិកនៅហ្ស៊កដានី ដើម្បីសងសឹក ចំពោះការវាយប្រហារ លើនាវាដឹកប្រេងអ៊ីរ៉ង់របស់ខ្លួន
តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា កងកម្លាំងអវកាសរបស់ខ្លួន បានកំណត់គោលដៅមូលដ្ឋាន ទ័ពអាកាសអាមេរិកនៅហ្ស៊កដានី ដើម្បីសងសឹកចំពោះការវាយប្រហារ “ឈ្លានពាន” ដោយសហរដ្ឋអាមេរិកប្រឆាំងនឹងនាវាដឹកប្រេងអ៊ីរ៉ង់។
កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ចំនួន ២ គ្រឿង ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិក នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសនៅយប់ថ្ងៃអង្គារ ខណៈដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាឱ្យក្រុមនាវិកចេញពីកប៉ាល់ដឹកប្រេងនៅកំពង់ផែគុយវ៉ែត និងបារ៉ែន ។
កប៉ាល់ដឹកប្រេងមួយគ្រឿងត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅចម្ងាយប្រហែល ៦.៥ គីឡូម៉ែត្រ ពីកោះ Kharg ភាគខាងត្បូង របស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim។
សារព័ត៌មាននេះ បានដកស្រង់ប្រភពក្នុងស្រុកថា ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។
កប៉ាល់ដឹកប្រេងទីពីរត្រូវបានវាយប្រហារនៅស្រុក Jask ខេត្ត Hormozgan នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ IRIB ដោយបន្ថែមថា សមាជិកនាវិករបស់កប៉ាល់ដឹកប្រេងទាំងពីរនាក់កំពុងត្រូវបានដឹកជញ្ជូនទៅស្រុក Jask នៅក្នុងទូកសង្គ្រោះ។
បន្ទាប់ពីឧប្បត្តិហេតុទាំងនេះ កងទ័ពជើងទឹក IRGC បានព្រមានសមាជិកនាវិកទាំងអស់នៃកប៉ាល់ដឹកប្រេងនៅកំពង់ផែក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ឲ្យជម្លៀសនាវារបស់ពួកគេចេញជាបន្ទាន់។
កងទ័ពជើងទឹកអ៊ីរ៉ង់បានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រ Sepah News ថា “ដោយសារសកម្មភាពព្យាបាទ របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាភេរវករក្នុងការកំណត់គោលដៅ លើកប៉ាល់ដឹកប្រេងជាច្រើនគ្រឿងរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ យើងសូមព្រមានសមាជិកនាវិកទាំងអស់នៃកប៉ាល់ដឹកប្រេងនៅកំពង់ផែនៃប្រទេសគុយវ៉ែត និងបារ៉ែន ដែលជាកន្លែងទទួលភេរវករទាំងនេះ និងជាអ្នកសមគំនិតក្នុងសកម្មភាពព្យាបាទរបស់ពួកគេ ឲ្យចាកចេញពីនាវារបស់ពួកគេជាបន្ទាន់ មិនថានៅកំពង់ផែ ឬមិនមែនកំពង់ផែនោះទេ ព្រោះពួកគេនឹងត្រូវបានកំណត់គោលដៅ”៕
ប្រែសម្រួល ឈូក បូរា
