រដ្ឋមន្រ្តីមហាផ្ទៃ លើកឡើងពីគុណសម្បត្តិអ្នកព័ត៌មាន តាមដានការអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងដោយឥតរារែក ពីគុណសម្បត្តិរបស់អ្នកសារព័ត៌មាន ដែលប្រើវិជ្ជាជីវៈ ជួយតាមដាន និងផ្សព្វផ្សាយអំពីការអនុវត្តគម្រោង មូលនិធិឃុំសង្កាត់ ។
ក្នុងពិធីបិទសន្និបាត បូកសរុបសមិទ្ធផល ការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ លោក ស សុខា បានថ្លែងថា ជាធម្មតានៅពេលមានគម្រោងដេញថ្លៃ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីមួយ តែងតែធ្វើឡើងជាលក្ខណៈផ្ទៃក្នុង មិនឱ្យអ្នកសារព័ត៌មានបានដឹងលឺអ្វីឡើយ ។
ប៉ុន្តែរដ្ឋមន្រ្តីមហាផ្ទៃបានលើកឡើងថា នៅពេលខាងមុខ ពេលអនុវត្តគម្រោងដេញថ្លៃហើយបានលទ្ធផលនោះ ត្រូវផ្សព្វផ្សាយដើម្បីឱ្យអ្នកសារព័ត៌មានបានជ្រាបជាព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយបន្តប្រកបដោយតម្លាភាព និងភាពស្អាតស្អំ ដើម្បីជាទំនុកចិត្តទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកគូសបញ្ជាក់ថា “បើគ្មានបងៗសារព័ត៌មានចុះទៅអុកឡុក ឬមួយបង្ហាញពីការពិតទេ យើងពិបាកមិនដឹងពីស្ថានភាពផ្លូវថ្នល់ ហើយជាពិសេសការធ្វើមិនគ្រប់លក្ខខណ្ឌ” ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ស សុខា បែបនេះ ស្របពេលអ្នកសារព័ត៌មានបានចូលរួមតាមដាន ក៏ដូចជាការផ្សព្វផ្សាយនូវការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅខេត្តកំពង់ឆ្នាំងកន្លងមក លើករណីអំពូលភ្លើងសូឡាដែលមានតម្លៃរហូតទៅដល់ប្រមាណជា៨លានរៀល ដែលតម្លៃនេះមានភាពមិនប្រក្រតីលើគម្រោងដេញថ្លៃភ្លើងសូឡា ហើយទទួលការរិះគន់ពីសាធារណជនជាខ្លាំង ៕
