រដ្ឋមន្រ្តីរ៉ែ ៖ Mongabay ចេញផ្សាយខុស ពីការពិត ពាក់ព័ន្ធគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត
ភ្នំពេញ៖ លោក កែវ រតៈ រដ្ឋមន្រ្តីរ៉ែ និងថាមពលបដិសេធ ចំពោះរបាយការណ៍ របស់អង្គការបរទេស Mongabay ចេញផ្សាយខុសពីការពិត ពាក់ព័ន្ធគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត ការលើកឡើងរបស់លោក កែវ រតនៈ នេះ ក្រោយមានការចុះផ្សាយរបស់អង្គការ Mongabay មានមូលដ្ឋាននៅបរទេសដែលផ្សាយបំភ្លៃខុសពីការពិតថា មានការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្ដុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
ចំពោះការផ្សាយខុសពីការពិតនេះ ត្រូវបានលោក កែវ រតនៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ចេញបំភ្លឺថា ការផ្សាយរបស់អង្គការបរទេសនេះ គឺជាការសន្និដ្ឋានរបៀបវារៈនយោបាយ ដែលជាការចេញផ្សាយប្រឌិតរឿងក្លែងក្លាយបំភ្លៃ ខុសពីការពិតៗ ដោយមិនដែលលើកពីចំណុចល្អ របស់កម្ពុជាម្តងណាឡើយ ។ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើថា ក្នុងតំបន់គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត ស្ថិតនៅខេត្តកោះកុង គឺពុំមានការឈូសឆាយគម្របព្រៃ លើសពីអ្វីដែលរាជរដ្ឋាភិបាលអនុញ្ញាតនោះទេ ។

លោកបញ្ជាក់ថា “គម្រោងនេះទៅមើលហើយ អត់មានការដែលទៅកាប់ព្រៃឈូសឆាយក្រៅពីតំបន់ដែលគេឱ្យសាងសង់ដែលមានក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពលទទួលស្គាល់នោះទេ ។ ដូច្នេះក្រសួងរ៉ែសូមបដិសេធនូវការបំផ្លិចបំផ្លាញប្រទេសយើងតាមរយៈការញុះញង់ ប្រឌិតព័ត៌មានក្លែងក្លាយមានចេតនាជារបៀបវារៈនយោបាយខុសពីការពិត”។
រដ្ឋមន្រ្តីរ៉ែផ្តាំផ្ញើទៅអង្គការអន្តរជាតិនេះ និងក្រុមអ្នកប្រឆាំងនៅក្រៅប្រទេសថា កុំមកផ្សាយអ្វីខុសពីការក្នុងចេតនាបង្ខូចកេរឈ្មោះកម្ពុជា ព្រោះកម្ពុជាត្រូវការថាមពលបៃតង ដើម្បីបំពេញតម្រូវការក្នុងការស្រុក ។ បើតាមលោក កែវ រតនៈ ចំពោះគម្រោងនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរាជរដ្ឋាភិបាលបានចុះសិក្សាស្រាវជ្រាវច្បាស់លាស់ចំពោះផលប៉ះពាល់និងការផ្តល់ផលប្រយោជន៍រួចរាល់អស់ហើយ ៕
