Feature

លោក ឃួង ស្រេង ៖ ក្រោយរដ្ឋបាលរាជធានីអនុវត្តចប់សព្វគ្រប់ ៤៨គម្រោង លើការរំដោះជំនន់ទឹកភ្លៀង ឃើញថានៅទីក្រុងភ្នំពេញ ត្រូវបានកាត់បន្ថយការជន់លិច

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយរដ្ឋបាលរាជធានី អនុវត្តបានចប់សព្វគ្រប់ ៤៨គម្រោង លើការរំដោះជំនន់ទឹកភ្លៀង ក្នុងរដូវវស្សា ឃើញថានៅរាជធានីភ្នំពេញ ត្រូវបានកាត់បន្ថយការជន់លិចបានយ៉ាងច្រើន ។

ក្នុងសន្និសីទ ដើម្បីបង្ហាញវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ឃួង ស្រេង បានគូសរំលេចថា រាជធានីភ្នំពេញ គឺជាទីតាំងមួយដែលស្ថិតនៅក្នុងតំបន់ទំនាប ជាប់នឹងដងទន្លេចតុមុខ ដែលទីតាំងនេះត្រូវបានទទួលទឹកភ្លៀង មកពីបណ្តាភ្នំជាច្រើន ក្នុងខេត្តកំពង់ស្ពឺ ហូរឆ្លងកាត់រាជធានីភ្នំពេញ មុននឹងចូលទៅក្នុងទន្លេ ដែលកត្តាទាំងនេះ បានធ្វើឱ្យរាជធានីភ្នំពេញ រងការជនលិចជំននទឹកភ្លៀង ក្នុងរដូវវស្សាម្តងៗ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាជំននទឹកភ្លៀង បង្កការជនលិចហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី បានផ្តល់ហិរញ្ញប្បទានពិសេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការជន់លិច នៅទីក្រុងភ្នំពេញ ដោយផ្តល់ឥណទានពិសេស ទៅក្រសួងធនធានទឹក ក្រសួងសាធារណការ ក៏ដូចជារាជធានីភ្នំពេញ ដើម្បីធ្វើកិច្ចការងារនេះ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនោះ នៅរាជធានីភ្នំពេញ​ បានអនុវត្តនូវ ៤៨គម្រោងបានចប់សព្វគ្រប់ លើបញ្ហាការរំដោះជំនន់ទឹកភ្លៀងនេះ ដែលរហូតដល់បច្ចុប្បន្ននេះយើងឃើញថា គម្រោងនេះបានរួចរាល់ ហើយប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏បានទទួលនូវសមិទ្ធផលនេះ ដោយភ្លៀងដើមឆ្នាំនេះ យើងឃើញថាកាត់បន្ថយការជន់លិច នៅរាជធានីភ្នំពេញបានយ៉ាងច្រើន ហើយគួរកត់សម្គាល់ទៀតស្ថានីយ ដែលយើងតម្លើងកម្រិតនៃការបូម ក៏បានល្អប្រសើរ ប្រឡាយ លូ ដែលយើងធ្វើនៅក្នុងរាជធានីភ្នំពេញ គឺជាកិច្ចការងារមួយ ដែលជំរុញឱ្យទឹកហូរបានលឿន ទៅដល់ស្ថានីយ ហើយស្ថានីយក៏មានសមត្ថភាពបូមឡើងទៅស្ទឹង និងទន្លេ យើងឃើញថានៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ការជន់លិចកាត់បន្ថយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត និងទទួលធម្មនុញ្ញផលនេះ” ។

បន្ថែមលើនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ជាលទ្ធផលគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ គម្រោងទាំង ៤៨គម្រោងត្រូវបានអនុវត្តចប់ ១០០ភាគរយ តាមផែនការដែលបានគ្រោងទុក។ ជាក់ស្តែងក្រោយពេ លដែលមានភ្លៀងធ្លាក់តូចធំរដូវក្នុងរដូវវស្សានេះ រាជធានីភ្នំពេញ ពិនិត្យឃើញថា ទឹកបានហូរលឿនគួរឱ្យកត់សម្គាល់ ត្រឹមរយៈពេល១៥នាទី ឬត្រឹមកន្លះម៉ោង ហើយកន្លែងខ្លះទៀត ក៏មិនមានការជន់លិច ដែលជាការកត់សម្គាល់ ហើយប្រជាពលរដ្ឋកំពុងតែអបអរសាទរ៕

To Top