IRGC របស់អ៊ីរ៉ង់ រឹបអូសបានយានមុជទឹក គ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងថា កងកម្លាំងរបស់ខ្លួនបានចាប់បានយានមុជទឹកគ្មានមនុស្សបើក “ទំនើប និងឆ្លាតវៃបំផុត” មួយគ្រឿងរបស់កងទ័ពសហរដ្ឋអាមេរិក នៅច្រកចូលច្រកសមុទ្រហ័រមូស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹក IRGC បានឧ្យដឹងថា យានមុជទឹកគ្មានមនុស្សបើកនេះ ត្រូវបានចាប់បាននៅក្នុងប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការដ៏ស្មុគស្មាញមួយ។
យានមុជទឹកនេះ ដែលត្រូវបានកំណត់ថាជា Dive-LD ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាយានមុជទឹកទំនើបបំផុតរបស់ពិភពលោក ដោយកត់សម្គាល់ថារូបភាពរបស់វានឹង ត្រូវបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
IRGC ក៏បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper មួយគ្រឿងនៅលើច្រកសមុទ្រហ័រមូស។
បន្ទាប់ពីការប្រកាសរបស់ IRGC យោធាសហរដ្ឋអាមេរិក បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានគ្មានមនុស្សបើកក្រោមទឹកមួយរបស់ខ្លួន «មានបញ្ហា» កាលពីមួយថ្ងៃមុន ក្នុងអំឡុងពេលស្ទង់មើលដែនទឹកក្នុងតំបន់ ដោយមិនបានលើកឡើងថាតើឧបករណ៍នេះត្រូវបានអ៊ីរ៉ង់រឹបអូស ឬអត់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
