Feature

រាជរដ្ឋាភិបាល មិនដែលនៅស្ងៀម ចំពោះការរំលោភបំពាន របស់កងកម្លាំងប្រដាប់អាវុធថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា មិនដែលនៅស្ងៀមឡើយ ចំពោះមុខការរំលោភបំពាន របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើបូរណភាពទឹកដីកម្ពុជា ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រើប្រាស់ការទូតសកម្ម ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រើប្រាស់ការទូតសភា ដើម្បីរួមគ្នាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា “រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា មិនដែលនៅស្ងៀមឡើយ ចំពោះមុខការរំលោភបំពាន របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា” ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការរំលោភបំពានជាបន្តបន្ទាប់ដោយប្រទេសថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងតំបន់មួយចំនួន ដែលកងកម្លាំងប្រដាប់អាវុធថៃ បានដណ្តើមកាន់កាប់ដោយខុសច្បាប់ចាប់ តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ។

លោកបន្ថែមថា ការតវ៉ាថ្មីនេះ បានធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះ របស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា។ បន្ទាប់មក កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធា រឹងមាំអចិន្ត្រៃយ៍៕

To Top