ក្រសួងរៀបចំដែនដី ចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពដោះស្រាយ វិវាទគម្រោងបុរី ឡេង ណាវ៉ាត្រា និងព្រមានចាត់វិធានការច្បាប់ ចំពោះការបំភ្លៃការពិត
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តី ប្រកាសព័ត៌មានផ្លូវការមួយ ជម្រាបជូនសាធារណជន ជាពិសេសអតិថិជនដែលបានទិញផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និង គម្រោងព្រែកអញ្ចាញ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក អំពីវឌ្ឍនភាព នៃការសម្របសម្រួលដោះស្រាយគម្រោង ដែលបានជាប់គាំងជាច្រើនឆ្នាំកន្លងមក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងអភិវឌ្ឍន៍ខាងលើ ដែលមានទីតាំងស្ថិតនៅភូមិព្រែកយាយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានជាប់គាំង និង មិនអាចអនុវត្តតាមកិច្ចសន្យា លក់ទិញជាមួយអតិថិជន ជាច្រើនឆ្នាំ បណ្តាលឱ្យមានការតវ៉ាជាបន្តបន្ទាប់ ។ កន្លងមក ក្រសួង ដ.ន.ស. បានព្យាយាមសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនមានឱកាសដោះស្រាយ ប៉ុន្តែក្រុមហ៊ុននៅតែមិនមានលទ្ធភាព ផ្តល់ដំណោះស្រាយសមស្រប និងទាន់ពេលវេលាឡើយ។

រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ឡេង ភត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ដឹកនាំសម្របសម្រួលការសាង សង់ផ្ទះ និងចាក់បំពេញដីជូនអតិថិជន ព្រមទាំងឯកភាពក្នុងការលក់ ឡៃឡុងនូវអចលនទ្រព្យរបស់ក្រុមហ៊ុន និងរូបលោក ដោយសារតែក្រុមហ៊ុនពុំមានលទ្ធភាពសាងសង់បញ្ចប់ជូនអតិថិជន។

ទន្ទឹមនឹងនេះ ក្រសួង ដ.ន.ស. បានកត់សម្គាល់ឃើញការលើកឡើងលើបណ្ដាញសង្គម Facebook របស់គណនីឈ្មោះ «Leng Navatra ឡេង ណាវ៉ាត្រា», «Ton ChanSeyma តន់ ចន្ទសីម៉ា» និង «Leng Nimol ឡេង និមល» ថាជាការបំប៉ោងព័ត៌មាន បំភ្លៃការពិត និងបំពុលបរិយាកាសសង្គម ក្នុងចេតនាញុះញង់ បង្កចលាចល ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។ សកម្មភាពនេះ អាចប្រឈមនឹងទោស ទណ្ឌតាមក្រមព្រហ្មទណ្ឌ ដូចជាមាត្រា ៣០៥ (បរិហារកេរ្តិ៍ជាសាធារណៈ), មាត្រា ៤៩៤ និង ៤៩៥ (ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍), មាត្រា ៥០២ (ការប្រមាថ) និងមាត្រា ៥០៥ (ការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ) ។
ជាចុងក្រោយ ដើម្បីការពារផលប្រយោជន៍ អតិថិជនសរុបជាង ៣៨ ០០០ គ្រួសារនៅទូទាំងប្រទេស ក្រសួងបានអំពាវនាវដល់អតិថិជន ទាំងអស់បន្តចូលរួមអនុវត្តតាមយន្តការ សម្របសម្រួលដោយស្មារតីយោគយល់ និងអត់ធ្មត់ ព្រមទាំងតម្រូវឱ្យភាគីក្រុមហ៊ុន ជាពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចូលរួមឱ្យបានសកម្ម និងទទួលខុសត្រូវខ្ពស់តាមយន្តការ ដែលបានឯកភាពគ្នា៕



