សម្តេចតេជោ ៖ ទោះកម្ពុជា-អ៊ុយរូហ្កាយនៅឆ្ងាយ តែមានសក្តានុពលច្រើនពង្រីកទំនាក់ទំនង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កម្ពុជានិងអ៊ុយរូហ្កាយមាន តំបន់សក្តានុពលជាច្រើន ក្នុងការពង្រីកទំនាក់ទំនង ជាមួយគ្នាបន្ថែមទៀត។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចតេជោអនុញ្ញាតឱ្យលោក Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំងថា ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយប្ដេជ្ញាថា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ជាមួយគ្នានេះ លោកទូតបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើង របស់លោកទូត ដោយសម្ដេចបានឯកភាព នៅក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន។

អ្នកនាំពាក្យបបញ្ជាក់ថា “នៅក្នុងជំនួបនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរ អាចមានសក្កានុពល ជាច្រើនទៀតក្នុងការពង្រីក ទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូល នៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយរូហ្កាយ” ។

សូមបញ្ជាក់ថា ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងអ៊ុយរូហ្កាយ ត្រូវបានបង្កើតឡើងចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៤ មកម្ល៉េះ៕


