សម្តេចតេជោ ៖ ទូតអ៊ីរ៉ង់ នឹងញ៉ាំងឱ្យទំនាក់ទំនង កម្ពុជា-អ៊ីរ៉ង់ កាន់តែរឹងមាំ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា លោក Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹង ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ កាន់តែរឹងមាំបន្ថែមទៀត ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយសម្តេចតេជោ អនុញ្ញាតឱ្យលោក Akbar Ghasemi Aliabadi ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំងថា សម្ដេចតេជោបានស្វាគមន៍ ហើយអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបន្តថា “សម្ដេចតេជោសង្ឃឹមថា ក្នុងនាមឯកឧត្តម ជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជានិងអ៊ីរ៉ង់ កាន់តែរឹងមាំបន្ថែមទៀត” ។

នាឱកាសនោះ សម្ដេចតេជោចង់ឃើញការពង្រីកនូវពាណិជ្ជកម្មសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម។

ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត ឱ្យឯកឧត្តមបានជួបជូនសារតាំងនៅក្នុងឱកាសនេះ ។
ឯកឧត្តមទូតបានលើកឡើងថា ឯកឧត្តមបានស្គាល់សម្ដេចតេជោ តាមរយៈការបញ្ជាក់អំពីជំហរ នៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ឱ្យកាន់តែមានភាពសកម្ម និងកាន់តែរីកចម្រើន៕

