Feature

៦ខែ អាកាសយានដ្ឋានអន្តរជាតិ តេជោទទួលអ្នកដំណើរ ជាង២លាននាក់

ភ្នំពេញ ៖ លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ក្នុងឆមាសទី១​ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។

ក្នុងគម្រប់ខួប១ ឆ្នាំនៃការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ និងសមិទ្ធផលសំខាន់ៗ បណ្ឌិត ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា កំណើនប្រតិបត្តិការ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ គិតត្រឹមត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលអ្នកដំណើរប្រមាណ ២.៤ លាននាក់។

លោកថា ទន្ទឹមនឹងនេះ ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានបន្តពង្រីកសេវាកម្មថែទាំយន្តហោះតាមរយៈក្រុមហ៊ុន TIA Engineering Services រួមជាមួយនឹងសេវាកម្មដីគោក ការដឹកជញ្ជូនទំនិញ សុវត្ថិភាព និងសន្តិសុខ។

លោកបន្ថែមថា ក្នុងរយៈពេលប្រមាណជា៦ខែនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក៏បាននាំចូលយន្តហោះ ATR72-600 ថ្មីមួយគ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញជើងហោះហើរ និងការតភ្ជាប់រវាងភ្នំពេញ សៀមរាប និងព្រះសីហនុ។

លោក ស៊ីន ចាន់សិរីវុត្ថាបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានជាប់ចំណាត់ថ្នាក់លេខ៥ លើពិភពលោក ហើយTIA ក៏ត្រូវបានជ្រើសរើសជាអាកាសយានដ្ឋានមួយក្នុងចំណោម World’s Most Beautiful Airports 2026 ដែលជាការទទួលស្គាល់ចំពោះគុណភាព បទពិសោធន៍អ្នកដំណើរ ស្ថាបត្យកម្ម និងការរួមបញ្ជូលអត្តសញ្ញាណវប្បធម៌ខ្មែរ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា សមិទ្ធផលដ៏សំខាន់ក្នុងឆ្នាំដំបូង មិនមែនត្រឹមតែការបើកអាកាសយានដ្ឋានថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតដោយជោគជ័យនូវច្រកចេញចូលតាមផ្លូវអាកាសដែលមានសុវត្ថិភាព ទំនើប និងទទួលស្គាល់ជាអន្តរជាតិ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ជំហានបន្ទាប់ គឺប្រើប្រាស់សមត្ថភាពនេះឱ្យបានពេញលេញ ដើម្បីភ្ជាប់កម្ពុជាទៅកាន់ទីក្រុង ទីផ្សារ ភ្ញៀវទេសចរ វិនិយោគិន និងឱកាសសេដ្ឋកិច្ចកាន់តែច្រើន។

សូមបញ្ជាក់ថា គិតតាំងពីចាប់ផ្តើម ប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបំពេញតួនាទីជាច្រកចេញចូលផ្លូវអាកាសអន្តរជាតិដ៏សំខាន់របស់កម្ពុជា ដោយសម្រេចបានការផ្ទេរប្រតិបត្តិការ ដោយរលូន ការពង្រីកការតភ្ជាប់អន្តរជាតិ ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងការទទួលស្គាល់លើឆាកអន្តរជាតិ។ អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ៕

To Top