Feature

ឧប នេត សាវឿន ៖ ប្រព័ន្ធ CDB Online ជួយលើកកម្ពស់ភាពទាក់ទាញ ចំពោះដៃគូអភិវឌ្ឍ និងវិស័យឯកជន តាមរយៈការផ្តល់ព័ត៌មានទុកចិត្តបាន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា ប្រព័ន្ធ CDB Online ក៏ជួយលើកកម្ពស់ភាពទាក់ទាញ ចំពោះដៃគូអភិវឌ្ឍ និងវិស័យឯកជន តាមរយៈការផ្តល់ព័ត៌មាន ដែលអាចទុកចិត្តបាន សម្រាប់ការវិភាគឱកាសវិនិយោគ​ ការវាយតម្លៃសក្តានុពលតំបន់ និងការរៀបចំគម្រោងអភិវឌ្ឍន៍ ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ធ្វើឡើងក្នុងឱកាសតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នូវផ្ទាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ តាមអនឡាញ និងរបាយការណ៍ស្តីពីទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៥ ទីស្តីការក្រសួងផែនការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកសន្តិបណ្ឌិត នេត សាវឿន​ ក្នុងបរិបទដែលរាជរដ្ឋាភិបាល កំពុងជំរុញការអភិវឌ្ឍប្រទេសដោយផ្អែកលើការសម្រេចចិត្ត ដែលមាន ភស្តុតាងច្បាស់លាស់ ការមានប្រព័ន្ធស្ថិតិជាតិដែលមានគុណភាព ទាន់ពេលវេលា និងអាចទុកចិត្តបាន គឺជា មូលដ្ឋានដ៏ចាំបាច់ សម្រាប់ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការបែងចែកធនធាន និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអភិវឌ្ឍ។

ក្នុងន័យនេះ ទិន្នន័យមូលដ្ឋានឃុំ-សង្កាត់ (Commune Database CDB) មានតួនាទីជាប្រព័ន្ធព័ត៌មានជាតិដ៏សំខាន់ ដែលផ្តល់ទិន្នន័យស្តង់ដា និងមានឯកភាពនៅទូទាំងប្រទេស សម្រាប់គាំទ្រការរៀបចំផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគប្រចាំឆ្នាំ ការវិភាគស្ថានភាព សេដ្ឋកិច្ច និងសង្គម ការកំណត់អាទិភាព និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រព័ន្ធនេះក៏ជាឧបករណ៍សំខាន់ សម្រាប់តាមដានវឌ្ឍនភាពនៃការអភិវឌ្ឍ និងគាំទ្រការសម្រេចចិត្តផ្អែកលើ ភស្តុតាងនៅគ្រប់កម្រិតរដ្ឋបាល។ ជាមួយគ្នានេះ CDB ក៏ជាមូលដ្ឋានសម្រាប់លើកកម្ពស់ បរិយាកាសវិនិយោគ ការវិភាគឱកាសទីផ្សារ និងការគាំទ្រការអភិវឌ្ឍថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ។ ឯកសារជំនួយស្មារតីបានគូសបញ្ជាក់ថា CDB គឺជាឧបករណ៍យុទ្ធសាស្ត្រមួយ សម្រាប់ទាក់ទាញការវិនិយោគ ពង្រឹងការធ្វើផែនការ និងធានាឱ្យមានការបែងចែកធនធាន តាមតម្រូវការជាក់ស្តែង របស់មូលដ្ឋាន ។

ថ្នាលប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ-សង្កាត់អនឡាញ (CDB Online Platform) ថ្មីនេះ បានអនុញ្ញាតឱ្យមានការបញ្ចូល ការផ្ទៀងផ្ទាត់ ការគ្រប់គ្រង ការវិភាគ និងការចែករំលែកទិន្នន័យត្រូវបានអនុវត្ត តាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យដំណើរការទាំងមូលកាន់តែមានភាពរហ័ស ត្រឹមត្រូវ និងទាន់ពេលវេលា។ ការដាក់ឱ្យដំណើរការ CDB Online Platform មិនមែនគ្រាន់តែជាការប្តូរពីក្រដាសទៅប្រព័ន្ធអេឡិចត្រូនិក ប៉ុណ្ណោះទេប៉ុន្តែជាជំហានសំខាន់ នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យស្ថិតិ។ ប្រព័ន្ធនេះក៏អាចជួយកាត់ បន្ថយការ ប្រើប្រាស់ក្រដាស ការងារស្ទួន និងពេលវេលាកែច្នៃទិន្នន័យ ព្រមទាំងបង្កើនល្បឿននៃការធ្វើបច្ចុប្បន្នភាព ទិន្នន័យ ដើម្បីឱ្យថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ទិន្នន័យអាចទទួលបានព័ត៌មានថ្មីៗ និងអាចយកទៅប្រើប្រាស់ បានភ្លាមៗក្នុងការធ្វើផែនការ និងសម្រេចចិត្ត។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា វិទ្យាស្ថានជាតិស្ថិតិ ក៏បានរៀបចំរបាយការណ៍ CDB ដោយឡែកតាមរាជធានី ខេត្តនីមួយៗ ដើម្បីបង្កភាពងាយស្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន និងអ្នកស្រាវជ្រាវ ក្នុងការទាញយកព័ត៌មានតាមតម្រូវការ និងតាមលក្ខណៈភូមិសាស្ត្រ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់បន្ថែមថា CDB Online Platform គឺជាប្រព័ន្ធព័ត៌មាន យុទ្ធសាស្ត្រមួយសម្រាប់ រាជរដ្ឋាភិបាល។ ឯកសារបានប្រៀបធៀបប្រព័ន្ធនេះថា ជា «ភ្នែក និង ត្រចៀក» របស់ថ្នាក់ដឹកនាំ ដែលជួយ ឱ្យអាចមើលឃើញស្ថានភាពពិត និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទិន្នន័យដែលមាន គុណភាព និងទាន់ពេលវេលា នឹងជួយគាំទ្រការរៀបចំផែនការ ការបែងចែកថវិកា ការតាមដាន និងវាយតម្លៃ ការអនុវត្តការងារ ព្រមទាំងការកំណត់វិធានការអន្តរាគមន៍ឱ្យបានចំគោលដៅ។ លើសពីនេះ ប្រព័ន្ធ CDB Online ក៏ជួយលើកកម្ពស់ភាពទាក់ទាញ ចំពោះដៃគូអភិវឌ្ឍ និងវិស័យឯកជន តាមរយៈការផ្តល់ព័ត៌មានដែល អាចទុកចិត្តបាន សម្រាប់ការវិភាគឱកាសវិនិយោគ ការវាយតម្លៃសក្តានុពលតំបន់ និងការរៀបចំគម្រោងអភិវឌ្ឍន៍។ នេះជាមូលដ្ឋានសំខាន់ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន៕

To Top