ព័ត៌មានអន្តរជាតិ

រយៈពេល​ ៨ខែ​ ឱនភាពថវិកាសហព័ន្ធ របស់រុស្ស៊ី​ កើនឡើងដល់ ៦៨ពាន់លានដុល្លារអាមេរិក

មូស្គូ៖ ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានឧ្យដឹងថា​ ឱនភាពថវិកាសហព័ន្ធរបស់រុស្ស៊ី​ បានឈានដល់​ ៥.៧៩ទ្រីលានរូបល​ ប្រហែល ៦៨.៣២ពាន់លានដុល្លារអាមេរិក​ ស្មើនឹង ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល​ ៨ខែដំបូងនៃឆ្នាំនេះ ។

យោងតាមក្រសួង ការចំណាយថវិកាសហព័ន្ធមានចំនួនសរុប ៣១.៧២ទ្រីលានរូបល​ ក្នុងអំឡុងពេលខែមករា​ ដល់ខែសីហា កើនឡើង ១៤.៧ភាគរយធៀបនឹងឆ្នាំមុន។

ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា “ល្បឿនលឿនជាងមុននៃការអនុវត្តការ ចំណាយថវិកាសហព័ន្ធ ក្នុងខែមករា​ ដល់ខែសីហា ឆ្នាំ២០២៦ បានមកពីការបញ្ចប់កិច្ចសន្យា និងការផ្តល់ហិរញ្ញប្បទានជាមុន សម្រាប់ការចំណាយតាមកិច្ចសន្យាមួយចំនួន”។

ទន្ទឹមនឹងនេះ ការប៉ាន់ស្មានបឋមបានបង្ហាញថា ចំណូលថវិកាសហព័ន្ធមានចំនួនសរុប ២៥,៩៣ ទ្រីលានរូបលក្នុងអំឡុងពេលនេះ កើនឡើង ៩,២ ភាគរយពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ចំណូលមិនមែនប្រេង និងឧស្ម័ន​ បានឈានដល់ ២០,៩១ ទ្រីលានរូបល កើនឡើង ១៨,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលចំណូលប្រេង និងឧស្ម័ន​ បានធ្លាក់ចុះ ១៦,៧ ភាគរយមកនៅត្រឹម ៥,០២ ទ្រីលានរូបល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top