មេ CMAC កម្ពុជា ៖ សម្រែកយុត្តិធម៌ សម្រាប់ប្រាសាទព្រះវិហារ ត្រូវបានលាតត្រដាង ជាបណ្តើរៗហើយ
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា សម្រែកយុត្តិធម៌ សម្រាប់ប្រាសាទព្រះវិហារ ដែលជាមរតកដូនតាខ្មែរ និងជាសម្បតិ្តបេតិកភណ្ឌពិភពលោក ត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហេង រតនា បានអរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃ ពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។
អង្គភាព CMAC បានធ្វើការស្រាវជ្រាវព័ត៌មាន និងការពិនិត្យវាយតម្លៃសំណល់ យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហើយបានរកឃើញថា ទាហ៊ានថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន៥០១គោលដៅលើតួប្រាសាទដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។

ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលេីប្រាសាទព្រះវិហារនេះ មានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៍កម្រនិងកំសត់បំផុតមួយនេះ! ។
លោក ហេង រតនា មានសង្ឃឹមយ៉ាងមុតមាំថា យុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោស តាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតា បុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ៕

