Feature

មន្ត្រីក្រសួងព័ត៌មានកម្ពុជា ១៥ រូប នឹងទទួលការបណ្តុះបណ្តាល ឯកទេសស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី»

នៅប្រទេសឥណ្ឌា ក្រោមកម្មវិធី ITEC មន្ត្រីកម្ពុជាចំនួន ១៥ រូប នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធផ្សព្វផ្សាយយុគសម័យថ្មី និងបច្ចេកវិទ្យាព័ត៌មាន» ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី។ កម្មវិធីបណ្តុះបណ្តាលឯកទេសនេះ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) ដែលជាគំនិតផ្តួចផ្តើមពង្រឹង សមត្ថភាពដ៏សំខាន់ របស់ប្រទេសឥណ្ឌា ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ។

មុនពេលចាកចេញទៅកាន់ប្រទេសឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ បានរៀបចំជំនួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយសិក្ខាកាម និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងព័ត៌មាន ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី និងជាភ្ញៀវកិត្តិយសក្នុងឱកាសនោះ។

នៅក្នុងឱកាសនោះ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងកំពុងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ជាពិសេសលើវិស័យកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ លោកឯកអគ្គរដ្ឋទូត ក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការរំលេចទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងឥណ្ឌា និងកម្ពុជា ហើយបានសម្តែងក្តីសង្ឃឹមថា កម្មវិធីនេះនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ ។

កម្មវិធីបណ្តុះបណ្តាលដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាកុំព្យូទ័រទំនើប (C-DAC) នៅទីក្រុងញូវដេលី សហការជាមួយវិទ្យាស្ថានជំនាញ ច្នៃប្រឌិតឥណ្ឌា (Indian Institute of Creative Skills) នឹងផ្តល់ឱ្យសិក្ខាកាមនូវបទពិសោធន៍ អនុវត្តផ្ទាល់លើវិស័យជាច្រើន រួមមាន ការបង្កើតវីដេអូខ្លីៗ និង Reels ដោយប្រើបច្ចេកវិទ្យា VFX, ការកាត់តសំឡេង, ការអភិវឌ្ឍគេហទំព័រ WordPress, សារព័ត៌មានទិន្នន័យ (Data Journalism), ច្បាប់បច្ចេកវិទ្យាព័ត៌មាន និងឯកជនភាព ព្រមទាំងបទដ្ឋានក្រមសីលធម៌ និងការផ្ទៀងផ្ទាត់ការពិត។ សិក្ខាកាមក៏នឹងមានឱកាស ចុះទស្សនកិច្ចនៅតាមការិយាល័យនិពន្ធព័ត៌មាន ដើម្បីទទួលបានបទពិសោធន៍ និងការយល់ដឹងជាក់ស្តែង អំពីការអនុវត្តប្រព័ន្ធផ្សព្វផ្សាយទំនើបផងដែរ ។

ស្ថានទូតឥណ្ឌានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយកម្ពុជាលើវិស័យកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធី ITEC និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ព្រមទាំងបន្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

កម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និង សេដ្ឋកិច្ចឥណ្ឌា ឬហៅកាត់ថា ITEC គឺជាវេទិកាកសាងសមត្ថភាពឈានមុខគេ របស់ក្រសួងការបរទេស នៃរដ្ឋាភិបាលឥណ្ឌា ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ITEC គឺជាយន្តការរៀបចំស្ថាប័ន ចំណាស់ជាងគេមួយសម្រាប់ការកសាងសមត្ថភាពអន្តរជាតិ ដែលបានបណ្តុះបណ្តាលមន្ត្រីជាង ២២៥.០០០ នាក់ មកពីជាង ១៦០ ប្រទេស ទាំងក្នុងវិស័យស៊ីវិល និងវិស័យការពារជាតិ តាមរយៈកម្មវិធីដែលរៀបចំឡើងដោយស្ថាប័នចូលរួមជាង ១២០ នៅក្នុងប្រទេសឥណ្ឌា។ ជារៀងរាល់ឆ្នាំ មន្ត្រីកម្ពុជាប្រមាណ ៣០០ រូប បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ក្រោមឆ័ត្រនៃកម្មវិធី ITEC នេះ។  

To Top