កិច្ចប្រជុំលើកដំបូង ពី UNCLOS រវាងកម្ពុជា-ថៃ ជាព្រឹត្តិការណ៍សំខាន់
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា កិច្ចប្រជុំលើកដំបូងជាមួយកម្ពុជានិងថៃ លើការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ(UNCLOS) គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា លោក ប៉ែន បូណា ថ្លែងថា កម្ពុជាស្វាគមន៍គណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងជាមួយកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី បន្ទាប់ពីការប្រកាសឱ្យដឹងរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ជាភ្នាក់ងាររង រួមទាំងគណៈប្រតិភូនិងក្រុមការងារច្បាប់កម្ពុជានឹងចូលរួមកិច្ចប្រជុំនេះ។
ឯកឧត្តមបន្តថា “កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងដំណើរការដោះស្រាយទំនាស់ដែនសមុទ្រប្រទេសទាំងពីរ ដោយសន្តិវិធីដែលកម្ពុជាបានផ្តួចផ្តើមឡើង បន្ទាប់ពីប្រទេសថៃបានបញ្ចប់ជាឯកតោភាគីនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគី ដែលជាមូលដ្ឋានសម្រាប់ការចរចា លើការទាមទារតំបន់សមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង២ទសវត្សរ៍កន្លងទៅ” ។
សូមបញ្ជាក់ថា ការផ្សះផ្សាដោយបង្ខំ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរការវិនិច្ឆ័យទេ ពោលគឺគណៈកម្មការអព្យាក្រឹតមួយ នឹងជួយដល់ភាគីទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ ដោយជោគជ័យ រវាងប្រទេសទីម័រឡេស្តេនិងអូស្ត្រាលី ដោយការផ្សះផ្សាបានឈានដល់ការចុះហត្ថលេខា លើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្រ រវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។ កម្ពុជាសង្ឃឹមថា ដំណើរការនេះក៏អាចជួយកម្ពុជានិងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែន សមុទ្ររបស់ប្រទេសទាំងពីរ៕
