ទូតកម្ពុជាប្រចាំបារាំង ៖ ថៃបន្តឈ្លានពានកម្ពុជា គឺជាស្ថានការណ៍ ដ៏គួរឱ្យព្រួយបារម្ភ
ភ្នំពេញ ៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបញ្ជាក់យ៉ាងច្បាស់ អំពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាន បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំលើកទី២៦០ នៃគណៈកម្មការនយោបាយនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅទីក្រុងប៉ារីស លោក លុយ ដាវីត ថ្លែងថា ថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការដាក់បន្លារលួស ទូកុងតឺន័រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើដែន អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

លោកថា សកម្មភាពទាំងនេះ កំពុងរារាំងជនភៀសសឹកកម្ពុជា ប្រមាណជាងពីរម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួន ខណៈកុមារជាច្រើននៅតែមិនអាចត្រឡប់ទៅសាលារៀន និងការរស់នៅប្រកបដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញបាន។
ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លោកទូតបានអំពាវនាវឱ្យថៃ ដកកងកម្លាំងចេញពីតំបន់ដែលស្ថិតក្រោមទឹកដីកម្ពុជា និងរុះរើហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានដំឡើងនៅទីនោះ ដើម្បីបើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅផ្ទះ របស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បញ្ជាក់ជាថ្មីថា ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការកែប្រែស្ថានភាពជាក់ស្តែង នៅលើដីដែលបានដណ្តើមកាន់កាប់ឡើយ ។ រាល់វិវាទត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងតាមក្របខណ្ឌច្បាប់ ដែលមានស្រាប់ រវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ កម្ពុជាបានអំពាវនាវឱ្យថៃបង្ហាញសុឆន្ទៈ និងចូលរួមឡើងវិញ ដោយគ្មានការពន្យារពេលក្នុងការងារកំណត់ និងបោះបង្គោលព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ស្របតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើង ក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

