Feature

រដ្ឋមន្ត្រី ហួត ហាក់ ៖ CTM 2026 Mini-Series ក្លាយជាវេទិកាពាណិជ្ជកម្ម​ ទេសចរណ៍ដ៏សំខាន់ ស្របតាមគោលនយោបាយអាទិភាព រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ហួត ហាក់ បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ។

ការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធី ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា​ ឆ្នាំ២០២៦ លើកទី៥ (5th Cambodia Travel Match – CTM 2026 Mini-Series) រៀបចំដោយសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូពីប្រទេសមីយ៉ាន់ម៉ា នេប៉ាល់ និងហ្វីលីពីន ព្រមទាំងអ្នកចូលរួមទាំងអស់ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ដែលជាអ្នករៀបចំកម្មវិធី រួមជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ (CTB) និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងវិស័យសាធារណៈ និងវិស័យឯកជន ពង្រីកឱកាសធុរកិច្ច និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា CTM 2026 Mini-Series បានក្លាយជាវេទិកាពាណិជ្ជកម្មទេសចរណ៍ដ៏សំខាន់មួយ ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន បង្កើនការចូលដល់ទីផ្សារទេសចរណ៍អន្តរជាតិ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព ការបង្កើតជាវេទិកាភ្ជាប់អ្នកទិញអន្តរជាតិ ជាមួយអ្នកផ្គត់ផ្គង់សេវាទេសចរណ៍កម្ពុជាជាក់ស្តែង និងប្រកបដោយលទ្ធផលខ្ពស់ ដើម្បីពង្រីកបណ្តាញធុរកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗ អំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងពិភពលោក ដែលជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើទីផ្សារទេសចរណ៍អន្តរជាតិ ពង្រីកវត្តមានរបស់កម្ពុជាក្នុងទីផ្សារថ្មីៗ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងប្រតិបត្តិករទេសចរណ៍ក្នុងតំបន់ ឱ្យមានឱកាសចូលដល់ទីផ្សារអន្តរជាតិ។

ប​ន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរ អ្នកទស្សនា និងវិនិយោគិនអន្តរជាតិ មកទស្សនា និងស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដោយភាពជឿជាក់ និងពុំមានកង្វល់ណាមួយ ព្រមទាំងទទួលបានបទពិសោធន៍ នៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលជាអត្តសញ្ញាណពិសេសរបស់កម្ពុជា ។

គូសបញ្ជាក់ផងដែរថា ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏ជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងសមាគមទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្នុងនាមជាអ្នករៀបចំកម្មវិធី (Lead Organizer) ដែលជាយុទ្ធនាការទីផ្សារគោលដៅ ជាយុទ្ធសាស្ត្រពេញមួយឆ្នាំ ក្រោមប្រធានបទ «កម្ពុជាទៅកាន់ពិភពលោក» ដើម្បីបង្កើតវេទិកាធុរកិច្ច រវាងអ្នកទិញអន្តរជាតិ និងអ្នកផ្គត់ផ្គង់កម្ពុជា ពង្រីកទីផ្សារ ទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ និងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅលើទីផ្សារទេសចរណ៍ពិភពលោក៕

To Top