Feature

រដ្ឋមន្ត្រីសុខាភិបាល ៖ ភាពធន់របស់អាស៊ាន ចាប់ផ្តើមពីប្រព័ន្ធសុខាភិបាលជាតិមានភាពធន់

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ភាពធន់របស់អាស៊ាន គឺចាប់ផ្តើមចេញពីប្រព័ន្ធសុខាភិបាលជាតិ ដែលមានភាពធន់ ហើយភាពធន់នេះ នឹងកាន់តែរឹងមាំថែមទៀត នៅពេលប្រព័ន្ធសុខាភិបាល នៃប្រទេសទាំងអស់ធ្វើការរួមគ្នា ដើម្បីបង្កើតកម្លាំងសរុបជំរុញ សមាហរណកម្មអាស៊ាន ។

ក្នុងកិច្ចប្រជុំពេញ អង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ នាក្រុងគូឡាឡាំពួ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើនភាពស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល ដើម្បីភាពធន់ សុខុមាលភាព និងសន្តិសុខសុខភាព» ដោយគូសរំលេចពីបទពិសោធន៍ នៃការប្រយុទ្ធនឹងជំងឺរាតត្បាតនាពេលកន្លងមក ដែលនាំមកការយល់ដឹងថា «កម្លាំង និងភាពរឹងមាំ នៃប្រព័ន្ធសុខាភិបាល មិនត្រឹមតែអាស្រ័យលើសមត្ថភាពនៃសមាសភាគនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើកម្រិតនៃកិច្ចសហការ និងការធ្វើការងាររួមគ្នា»។

ដើម្បីផ្លាស់ប្តូរពីសកម្មភាពដាច់ដោយឡែក ឱ្យទៅជាសកម្មភាពរួមនិងប្រទាក់ក្រឡា ដើរឆ្ពោះទៅរកភាពធន់ប្រកបដោយចីរភាពក្នុងរយៈពេលវែង សាស្ត្រាចារ្យរដ្ឋមន្ត្រី បានចូលរួមចំណែកផ្តល់ជូននូវទិសដៅអាទិភាពគន្លឹះចំនួន ៣៖ទី១- បញ្ហាប្រឈមសុខភាព ជាបញ្ហារួមរបស់តំបន់ ដូច្នេះការពង្រឹងសន្តិសុខសុខភាព ការគ្របដណ្តប់សុខភាពសកល និង ការត្រៀមលក្ខណៈឆ្លើយតប មិនអាចសម្រេចបានដោយវិស័យសុខាភិបាល តែមួយមុខនោះទេ ប៉ុន្តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធអន្តរវិស័យ អន្តរស្ថាប័ន និងឆ្លងដែន ។
ទី២- ពង្រឹងភាពជាអ្នកដឹកនាំ និងកិច្ចសហការរួមគ្នា ផ្តល់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិត ពង្រឹងសមត្ថភាពក្នុងការប៉ាន់ប្រមាណ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនាពេលអនាគត និងទី៣-ការកសាងចីរភាពរចនាសម្ព័ន្ធសហប្រតិបត្តិការ ទាមទារអភិបាលកិច្ច ស្ថិរភាព ហិរញ្ញប្បទានប្រកបដោយចីរភាព បច្ចេកវិទ្យាប្រទាក់ក្រឡា ការចែករំលែកចំណេះដឹង ជាពិសេសគឺការបង្កើត «ទំនុកចិត្ត» ទៅវិញទៅមក។

អង្គប្រជុំពេញអង្គបានអនុម័តលើឯកសារសំខាន់ៗ រួមមាន ៖ របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន , របាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយដៃគូរួមមាន ៖ អាស៊ាន-បូកបី អាស៊ាន-ចិន អាស៊ាន-កូរ៉េ អាស៊ាន-អាមេរិក និងអាស៊ាន-ជប៉ុន , វិធានប្រតិបត្តិ , របៀបវារៈយុទ្ធសាស្ត្រសុខាភិបាលអាស៊ាន ឆ្នាំ២០២៦-២០៣០ , យន្តការគ្រប់គ្រង និងការអនុវត្ត តួនាទី និងភារកិច្ចក្រុមការងារសុខាភិបាលអាស៊ាន ព្រមទាំងបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ៕

To Top