ផ្ទុះការតវ៉ា ស្របពេលដែលអ៊ីស្រាអែល បើកស្ថានទូតដំបូង នៅស្លូវេនី
បរទេស៖ មនុស្សប្រហែល ២០០០នាក់ បានតវ៉ាដោយសន្តិវិធីនៅមុខស្ថានទូតអ៊ីស្រាអែល ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងនៅទីក្រុង Ljubljana ដែលត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃពុធ ។
ស្ថានទូតអ៊ីស្រាអែល ដំបូងនៅក្នុងប្រទេសរហូតមកដល់ពេលនេះ ត្រូវបានបើកសម្ពោធដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Sa’ar ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសស្លូវេនី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងកីឡារវាងប្រទេសទាំងពីរ ។
ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិ និងបដាស្លូវេនី និងប៉ាឡេស្ទីន ព្រមទាំងស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល និងគាំទ្រប៉ាឡេស្ទីន។
គណបក្សប្រឆាំងពីរនៅក្នុងប្រទេសស្លូវេនី បានស្នើទៅសភាឱ្យដាក់ពាក្យបណ្តឹងតាមរដ្ឋធម្មនុញ្ញប្រឆាំងនឹងនាយករដ្ឋមន្ត្រីនិយមកណ្តាលស្តាំនិយមលោក Janez Jansa ដោយសារតែជំហរ របស់រដ្ឋាភិបាលរបស់លោក ចំពោះអ៊ីស្រាអែល ដោយថា ស្លូវេនី លែងមានគោលនយោបាយការបរទេស អធិបតេយ្យភាពទៀតហើយ ប៉ុន្តែប្រើប្រាស់គោលនយោបាយការបរទេសរបស់ខ្លួន តែក្នុងផលប្រយោជន៍របស់អ៊ីស្រាអែលប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅចុងខែសីហា ប្រទេសស្លូវេនី បានរារាំងសេចក្តីថ្លែងការណ៍រួម របស់សហភាពអឺរ៉ុប ដែលបានថ្កោលទោសផែនការ របស់អ៊ីស្រាអែលក្នុងការសាងសង់ផ្ទះថ្មីចំនួន ១២០០ ខ្នងសម្រាប់អ្នកតាំងលំនៅនៅតំបន់ West Bank ដែលខ្លួនកាន់កាប់៕
