ព័ត៌មានអន្តរជាតិ

តម្លៃបករេងឆៅ​ Brent ហក់ឡេីងលេីសពី​ ១០០ដុល្លារ​ក្នុងមួយបារ៉ែល ដោយសារជម្លោះនៅមជ្ឈឹមបូព៌ា

បរទេស៖​ តម្លៃប្រេងឆៅប្រភេទ Brent បានឡើងលើសពី ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃពុធ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

ប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូននៅខែវិច្ឆិកា បានឡើងដល់ ១០០.៩៥ដុល្លារក្នុងមួយបារ៉ែលនៅចំណុចមួយ ដោយបានបំបែកកម្រិតតម្លៃនិមិត្តរូបជាលើកដំបូងចាប់ តាំងពីថ្ងៃទី២៤​ ខែកក្កដា។

ទន្ទឹមនឹងនេះ ប្រេងប្រភេទ West Texas Intermediate សម្រាប់ការដឹកជញ្ជូននៅខែតុលាបានកើនឡើងដល់ ៩៥.៩៦ដុល្លារក្នុងមួយបារ៉ែល។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បានឧ្យដឹងនៅក្នុងការបង្ហោះមួយកាលពីថ្ងៃពុធនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាកងកម្លាំងរបស់ខ្លួនបាន “បំផ្លាញនាវាដឹកប្រេងឆៅអ៊ីរ៉ង់ ចំនួន​ ៥គ្រឿង” នៅយប់ថ្ងៃអង្គារ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បានកំណត់គោលដៅ “នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿងដោយមីស៊ីល ផ្លោងពីរដងក្នុងរយៈពេលពីរថ្ងៃកន្លងមក”។

កងឆ្មាំបដិវត្តន៍បានឧ្យដឹងថា ខ្លួនបានវាយប្រហារ នាវាអាមេរិកពីរគ្រឿង និងនាវាដឹកប្រេងចំនួន​ ៨គ្រឿងនៅឈូងសមុទ្រពែរ្ស ដើម្បីសងសឹក ចំពោះការវាយប្រហារ របស់សហរដ្ឋអាមេរិក​ លើនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន​ ៥គ្រឿង នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍ដោយដកស្រង់សម្តីលោក Daan Struyven សហប្រធានផ្នែកស្រាវជ្រាវទំនិញសកលនៅ Goldman Sachs ថា ការកើនឡើងនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ កំពុងបង្កើនហានិភ័យនៃតម្លៃប្រេងដែលកើនឡើងដល់ជាង ១២០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការវាយប្រហារលើការដឹកជញ្ជូនកាន់តែខ្លាំងឡើង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top