ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានព្រមានអ៊ីរ៉ង់ ឱ្យទប់ស្កាត់ការវាយប្រហារ របស់ក្រុមហ៊ូទី លើអារ៉ាប៊ីសាអូឌីត ខណៈទីក្រុងរីយ៉ាដធ្វើការវាយបកវិញ

បរទេស៖ ប្រភពព័ត៌មានពីប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និង អ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសប៉ាគីស្ថាន បានបញ្ជូនសារព្រមានមួយពីអារ៉ាប៊ីសាអូឌីត ទៅកាន់អ៊ីរ៉ង់ ដើម្បីឱ្យជួយទប់ស្កាត់ក្រុមឧទ្ទាមហ៊ូទី (Houthi) នៅយេម៉ែន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន (អ៊ីរ៉ង់) បន្ទាប់ពីក្រុមនេះ បានបង្កើនការវាយប្រហារ មកលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ សកម្មភាពនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ស្កាត់ កុំឱ្យវិបត្តិឈានទៅរកភាពធ្ងន់ធ្ងរខ្លាំងជាងមុន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា កាលពីថ្ងៃអង្គារ ក្រុមហ៊ូទីបានវាយប្រហារមូលដ្ឋានទ័ពអាកាសមួយនៅតំបន់ Khamis Mushait និងហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងទីក្រុងនានាដែលនៅក្បែរនោះ ដោយបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស។ នេះគឺជាការវាយប្រហារដ៏ធំបំផុតមួយលើប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែកុម្ភៈមក។

លោក Yahya Saree អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី បានថ្លែងកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួន ៥៤ លើកនៅតាមខេត្តនានារបស់យេម៉ែនក្នុងរយៈពេល ១២ ម៉ោងកន្លងមកនេះ។ លោកបានបន្ថែមថា សកម្មភាពទាំងនោះនឹង «មិនត្រូវបានទុកចោលដោយគ្មានការឆ្លើយតប ឬគ្មានការដាក់ទណ្ឌកម្មឡើយ»។

ជម្លោះដែលកំពុងកើនឡើងនេះ ដែលត្រូវបានចាត់ទុកថាជាសមរភូមិទីពីរដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលសកល បានកើតឡើងស្របពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងធ្វើការវាយប្រហារតបតគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាបំផុតលើនាវាដឹកជញ្ជូននៅក្នុងតំបន់ឈូងសមុទ្រ ចាប់តាំងពីជម្លោះរវាងពួកគេបានចាប់ផ្តើម។

ការព្រមានរបស់ប៉ាគីស្ថានទៅកាន់អ៊ីរ៉ង់មានសារៈសំខាន់ខ្លាំង ដោយសារតែប្រទេសនេះមានកិច្ចព្រមព្រៀងការពារជាតិជាមួយអារ៉ាប៊ីសាអូឌីត និងតួកគី។

To Top