លោក ត្រាំ សន្យាផ្តល់ប្រាក់ ៥.០០០ ដុល្លារ ដល់រាល់ជនជាតិអាមេរិកដែលពេញវ័យ ប្រសិនបើគណបក្ស សាធារណរដ្ឋឈ្នះការបោះឆ្នោត ពាក់កណ្តាលអាណត្តិ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកនឹងផ្តល់ប្រាក់ចំនួន ៥.០០០ ដុល្លារ ដែលហៅថា “ភាគលាភត្រាំ” (Trump dividend) ដល់ជនជាតិអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋ នៅតែបន្តគ្រប់គ្រងសភា បាននៅក្នុងការបោះឆ្នោត ពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខ។ នេះគឺជាការប៉ុនប៉ងដ៏ពិសេសមួយដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យគាំទ្រគណបក្សរបស់លោក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បានលើកឡើងពីសំណើនេះ នៅក្នុងសន្និបាតពាក់កណ្តាលអាណត្តិលើកដំបូង បង្អស់របស់គណបក្សសាធារណរដ្ឋ ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើការផ្តល់ប្រាក់នេះនឹងដំណើរការយ៉ាងដូចម្តេច ឬថាតើវាស្របច្បាប់ដែរឬទេ ។ ដោយសារមានជនជាតិអាមេរិកពេញវ័យប្រហែល ២៧០ លាននាក់ គំនិតនេះនឹងត្រូវចំណាយថវិកាប្រហែល ១,៣៥ ទ្រីលានដុល្លារ។
នៅក្នុងសុន្ទរកថាដ៏សំខាន់មួយដែលចំណាយពេលមួយម៉ោង ៤៥ នាទី, លោក ត្រាំ បានអួតអាងអំពីការសម្រេចបាននូវ “រយៈពេលពីរឆ្នាំដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការកាន់តំណែងប្រធានាធិបតី” ដោយដាក់ខ្លួនឯងឱ្យក្លាយជាចំណុចស្នូលនៃការបោះឆ្នោត ទោះបីជាប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះខ្លាំងក៏ដោយ។
ប៉ុន្តែគេមិនច្បាស់ទេថាតើសុន្ទរកថាដែលមានលក្ខណៈឃោសនាបោះឆ្នោតរបស់លោក នឹងអាចទាក់ទាញចិត្តក្រុមអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្ត (swing voters) បានដែរឬទេ ដែលក្រុមនេះត្រូវបានការស្ទង់មតិបង្ហាញថា បានងាកចេញពីគណបក្សរបស់លោក ត្រាំ ដោយសារតែការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះការចំណាយលើការរស់នៅ និងបញ្ហាសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
