ព័ត៌មានអន្តរជាតិ

លោក Trump ទាមទារអត្រាការប្រាក់ ទាបបំផុត សម្រាប់អាមេរិក ខណៈ Fed ត្រៀមសម្រេចគោល នយោបាយរូបិយវត្ថុ

ទីក្រុង Doonbeg ប្រទេសអៀរឡង់៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកគួរតែមាន អត្រាការប្រាក់ទាបបំផុត ក្នុងពិភពលោក ខណៈធនាគារកណ្តាលអាមេរិក (Fed) ត្រៀមបើកកិច្ចប្រជុំគោលនយោបាយ រូបិយវត្ថុនៅសប្តាហ៍នេះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល Irish Open កាលពីថ្ងៃទី១៣ ខែកញ្ញា លោក Trump បាននិយាយថា លោកមិនដឹងថា មន្ត្រី Fed នឹងសម្រេចដំឡើង ឬបន្ថយអត្រាការប្រាក់នៅក្នុង កិច្ចប្រជុំនាពេលខាងមុខទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អាមេរិកគួរតែបង់ការប្រាក់ទាបជាងប្រទេសដទៃ ទោះបីទិន្នន័យអំពីអតិផរណា និងស្ថានភាពសេដ្ឋកិច្ចបង្ហាញយ៉ាងណាក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

បច្ចុប្បន្ន អត្រាការប្រាក់គោលរបស់ Fed ស្ថិតនៅចន្លោះ ៣,៥% ទៅ ៣,៧៥%។ ទន្ទឹមនឹងនេះ ទិន្នន័យសន្ទស្សន៍តម្លៃ អ្នកប្រើប្រាស់ (CPI) ដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញពីការកើនឡើង ខ្លាំងបំផុតក្នុងរយៈពេល៤ខែ ដែលធ្វើឱ្យមានការរំពឹងថា Fed អាចនឹងដំឡើងអត្រាការប្រាក់ នៅពេលបញ្ចប់កិច្ចប្រជុំនៅថ្ងៃពុធ។

សម្ពាធអតិផរណានៅអាមេរិកនៅតែមានកម្រិតខ្ពស់ ខណៈសេដ្ឋកិច្ចកំពុងប្រឈមនឹងផលប៉ះពាល់ពី ការដំឡើងពន្ធនាំចូលរបស់លោក Trump និងការកើនឡើងតម្លៃថាមពលដែលពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់។ មន្ត្រី Fed មួយចំនួនព្រួយបារម្ភថា ប្រសិនបើអតិផរណា នៅខ្ពស់យូរជាងនេះ ការនាំអតិផរណាត្រឡប់ទៅកម្រិត គោលដៅនឹងកាន់តែមានតម្លៃថ្លៃសម្រាប់សេដ្ឋកិច្ច។

ការសម្រេចចិត្តរបស់ Fed ក៏កើតឡើងនៅមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិរបស់អាមេរិក ដែលនឹងកំណត់ថា តើគណបក្សសាធារណរដ្ឋអាចរក្សាសំឡេងភាគច្រើន តិចតួចរបស់ខ្លួននៅក្នុងសភាទាំងពីរបានឬយ៉ាងណា។ ការដំឡើងអត្រាការប្រាក់អាចបង្កើនការព្រួយបារម្ភរបស់អ្នកបោះឆ្នោតចំពោះថ្លៃជីវភាព និងសមត្ថភាពទិញទំនិញ។

លោក Trump ដែលធ្លាប់រិះគន់ Fed និងអតីតប្រធាន Fed លោក Jerome Powell ជាញឹកញាប់ បានបន្តជំរុញឱ្យមានការបន្ថយអត្រាការប្រាក់ ។ លោកក៏បានព្រមានតាមបណ្តាញសង្គមថា ប្រសិនបើអត្រាការប្រាក់មិនត្រូវបានបន្ថយ លោកអាចបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយ ប្រទេសដែលអាមេរិកមានឱនភាពពាណិជ្ជកម្ម។

ទោះជាយ៉ាងណា លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក បាននិយាយថា លោក Trump នឹងគាំទ្រឯករាជ្យភាពរបស់ប្រធាន Fed លោក Kevin Warsh ទោះបី Fed សម្រេចយ៉ាងណា ចំពោះអត្រាការ ប្រាក់ក៏ដោយ។ ប៉ុន្តែលោកក៏ទទួលស្គាល់ថា លោក Trump ប្រហែលជាមិនសប្បាយចិត្ត ប្រសិនបើ Fed សម្រេចដំឡើងអត្រាការប្រាក់។

ប្រែសម្រួល៖ គីរី

To Top