សម្តេចធិបតី ៖ ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិ និងមានកាតព្វ កិច្ចដូចគ្នាជួយថែរក្សា ការពារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នា ក្នុងការជួយថែរក្សា ការពារ។

យោងតាមរយៈសាលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ងក្នុងឱកាសខួប៣ឆ្នាំ នៃការចុះ «រមណីយដ្ឋាន ប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានឱ្យដឹងថា ការសម្រេចទទួលស្គាល់ អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿងបំផុត នៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹក ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិ ក្នុងឆាកអន្តរជាតិ ដែលកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសន្តិភាព ដែលជាសមិទ្ធផល នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជា នូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋាន ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម មិនអាចកាត់ថ្លៃបាន របស់បុព្វបុរសបន្សល់ទុក ជូនអ្នកជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី បានគូសបញ្ជាក់សាជាថ្មី អំពីសារៈសំខាន់ នៃការចូលរួម របស់គ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារ គ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និងសត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ របស់យើង សម្រាប់ជាប្រយោជន៍ ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិ របស់កម្ពុជា នៅលើឆាកអន្តរជាតិ ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានអំពាវនាវ ដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសាទរ «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក៏ដូចជាបន្តជំរុញ សក្តានុពលទេសចរណ៍ក្នុងតំបន់ ដោយផ្សារភ្ជាប់ជាមួយ នឹងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នានា ដូចជារមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិផ្សេងទៀត ។
សូមបញ្ជាល់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំ លើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចដាក់ «រមណីយដ្ឋាន ប្រាសាទកោះកេរ» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

