ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រអង់គ្លេស Charles ឆ្លើយតបទៅនឹងការរិះគន់ ពីសំណាក់ប្អូនប្រុស បង្កើតរបស់ព្រះនាង Diana

ឡុងដ៍៖ ព្រះមហាក្សត្រអង់គ្លេស Charles បានចាត់វិធានការ ដ៏កម្រមួយកាលពីថ្ងៃពុធ ដោយបានឆ្លើយតបទៅនឹងការរិះគន់ ពីសំណាក់ប្អូនប្រុសបង្កើតរបស់អតីតព្រះជាយារបស់ព្រះអង្គ គឺព្រះនាង Diana តាមរយៈអ្នកនាំពាក្យ ដោយមានព្រះបន្ទូលថា ភាពសោកសៅអាចជះឥទ្ធិពលដល់ការគិត ការវិនិច្ឆ័យ និងការចងចាំ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Reuters ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ការលើកឡើងនេះ គឺជាការឆ្លើយតបទៅនឹងខ្លឹមសារនៅក្នុងសៀវភៅអនុស្សាវរីយ៍ដែលជិតបោះពុម្ពផ្សាយមួយ មានចំណងជើងថា “Swan Song: Diana, My Sister” ដែលនិពន្ធដោយលោក Charles Spencer (Earl Spencer) ដែលជាប្អូនប្រុសរបស់ព្រះនាង Diana។ នៅក្នុងសៀវភៅនោះ លោក Spencer បានចោទប្រកាន់ព្រះមហាក្សត្រ (ដែលកាលណោះជាព្រះអង្គម្ចាស់ Charles) អំពីព្រះរាជឥរិយាបថរបស់ព្រះអង្គ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីព្រះនាង Diana បានសោយទិវង្គតនៅឆ្នាំ១៩៩៧។

លោក Spencer បានអះអាងថា នៅក្នុងការជជែកវែកញែកតាមទូរស័ព្ទមួយកាលណោះ ព្រះអង្គម្ចាស់ Charles បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងបានមានព្រះបន្ទូលទៅកាន់លោកថា៖ “កុំបារម្ភអី យើងនឹងបំភ្លេចនាងក្នុងពេលឆាប់ៗនេះហើយ (we’ll forget her soon enough)”។

ការខ្វែងគំនិតគ្នានេះ បានកើតឡើងនៅពេលដែលគេតម្រូវឱ្យព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry (ដែលកាលណោះមានព្រះជន្ម ១៥ និង ១២វស្សា) យាងដើរតាមពីក្រោយមឈូសរបស់ព្រះមាតាក្នុងពិធីបុណ្យសព ដែលជារឿងមួយលោក Spencer បានប្រឆាំងយ៉ាងដាច់អហង្ការ ព្រោះមិនចង់ឱ្យក្មួយៗរងសម្ពាធជាសាធារណៈ។

​ជុំវិញបញ្ហានេះ អ្នកនាំពាក្យរាជវាំងបានថ្លែងថា៖ “ជាគោលការណ៍ យើងមិនធ្វើអត្ថាធិប្បាយលើសៀវភៅណាមួយឡើយ ប៉ុន្តែព្រះករុណាទ្រង់យល់ច្បាស់ថា ការឈឺចាប់នៃសេចក្តីសោកសៅចំពោះការបាត់បង់បងប្អូន អាចធ្វើឱ្យការគិតមានភាពស្រអាប់ ប៉ះពាល់ដល់ការវិនិច្ឆ័យ និងធ្វើឱ្យការចងចាំប្រែប្រួល ក្នុងរបៀបមួយដែលអ្នកដទៃមិនអាចយល់បាន ទោះបីជាការបាត់បង់នោះបានកន្លងផុតទៅច្រើនឆ្នាំក៏ដោយ។”

​មុនពេលសៀវភៅនេះចេញផ្សាយ លោក Spencer បានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា៖ “គោលបំណងនៃសៀវភៅនេះ គឺដើម្បីនិយាយការពិតអំពី Diana ពីជ្រុងនៃប្អូនប្រុសម្នាក់… ខ្ញុំចង់និយាយក្នុងនាម Diana និងធ្វើដូច្នេះក្នុងន័យវិជ្ជមាន និងបើកចំហ។”

​គួរបញ្ជាក់ផងដែរថា ព្រះនាង Diana បានសោយទិវង្គតក្នុងព្រះជន្ម៣៦វស្សា ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស នៅពេលដែលរថយន្តរបស់ព្រះនាង និង គូស្នេហ៍លោក Dodi al-Fayed បានព្យាយាមបើកគេចពីការប្រដេញ តាមថតរូបពីសំណាក់អ្នកកាសែត ក្រោយពីអាពាហ៍ពិពាហ៍ ជាមួយព្រះអង្គម្ចាស់ Charles ដែលបានរៀបចំឡើងយ៉ាងអធិកអធមនៅឆ្នាំ១៩៨១ ត្រូវបានបញ្ចប់ ដោយការលែងលះនៅឆ្នាំ១៩៩៦។

ប្រែសម្រួល៖ គីរី

To Top