ព័ត៌មានអន្តរជាតិ

ប្រភពព័ត៌មានទម្លាយថា មន្ត្រីអាមេរិក បានជួបជាមួយក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ កាលពីចុងសប្តាហ៍

បរទេស៖ មន្ត្រីអាមេរិកបានជួបជាមួយ តំណាងក្រុមហ៊ូទី (Houthis) របស់ប្រទេសយេម៉ែន នៅក្នុងប្រទេសអូម៉ង់ កាលពីចុងសប្តាហ៍កន្លងទៅ, នេះបើយោងតាមប្រភពចំនួន ៥ ដែលដឹងពីបញ្ហានេះ ។ ការជួបគ្នានេះបានធ្វើឡើងប៉ុន្មាន ថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានដណ្តើមកាន់កាប់ តំបន់យុទ្ធសាស្ត្រ មួយនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម ក្នុងប្រតិបត្តិការវាយលុកដ៏ធំមួយ ដែលបានធ្វើឱ្យកងកម្លាំង ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបរាជ័យ និងដកថយ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រភពចំនួន ៣ ដែលសុំមិនបញ្ចេញ ឈ្មោះបានឱ្យដឹងថា កិច្ចប្រជុំដែលមិនត្រូវ បានប្រកាសជាសាធារណៈនេះ បានធ្វើឡើងនៅស្ថានទូតអាមេរិក ក្នុងទីក្រុងម៉ូស្កាត (Muscat) ។ ប្រភពចំនួន ២ ទៀតបានបញ្ជាក់ថា រដ្ឋាភិបាលអូម៉ង់ ដែលជាអ្នកសម្របសម្រួល ក្នុងតំបន់ដ៏យូរលង់មួយ បានជួយរៀបចំកិច្ចប្រជុំនេះ។

រដ្ឋបាលរបស់លោក Trump បានចាត់ថ្នាក់ក្រុមហ៊ូទីថាជា “អង្គការភេរវករបរទេស” កាលពីខែមីនា ឆ្នាំ ២០២៥ ដែលធ្វើឱ្យការគាំទ្រដល់ក្រុមនេះក្លាយជាទង្វើខុសច្បាប់។ ប៉ុន្តែចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោនបានចរចាជាមួយពួកគេ ដោយឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីបានទម្លាក់គ្រាប់បែកលើក្រុមនេះ អស់រយៈពេល ២ ខែ ដើម្បីបញ្ឈប់យុទ្ធនាការវាយប្រហារ លើនាវាចរណ៍នៅសមុទ្រក្រហម។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ូទីបានទាក់ទង តាមទូរស័ព្ទ មកកាន់រដ្ឋបាលរបស់លោក ដោយស្នើសុំឱ្យសហរដ្ឋអាមេរិក កុំលូកដៃចូលក្នុងសង្គ្រាមនៅយេម៉ែន។ ចំណែកអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

នៅក្នុងកិច្ចប្រជុំដែលប្រភពមួយបានបញ្ជាក់ថាបានធ្វើឡើងនៅថ្ងៃអាទិត្យនោះ ក្រុមហ៊ូទីបានប្រាប់មន្ត្រីអាមេរិកថា ពួកគេមិនមានបំណងវាយប្រហារនាវារបស់អាមេរិកទេ ហើយពួកគេប្តេជ្ញាគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០២៥ ជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពចំនួន ២។

To Top