លោក ដូណាល់ ត្រាំ អះអាងថា លោកកំពុង ឈានដល់ចំណុច របត់ដ៏សំខាន់មួយនៅ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងឈានដល់ចំណុចសំខាន់មួយ នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការសម្រេចចិត្តថា តើត្រូវបន្តការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីបញ្ចប់ជម្លោះនេះឬយ៉ាងណា ។
លោក ត្រាំ បានថ្លែងថា «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ ។ តើខ្ញុំចង់ចូលទៅកម្ទេចពួកគេចោល ឬយ៉ាងណា? វាគឺជាការសម្រេចចិត្តដ៏ធំមួយ។ អ្វីៗអាចនឹងកើតឡើងចំពោះខ្ញុំ»។
ទោះបីជាលោក ត្រាំ ធ្លាប់បានធ្វើការគំរាមកំហែង បែបនេះពីមុនមកក៏ដោយ ប៉ុន្តែការលើកឡើងចុងក្រោយនេះ បានធ្វើឡើងមុនកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ជាមួយមេដឹកនាំនៃប្រទេស តំបន់ឈូងសមុទ្រចំនួន ៦ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។
សេចក្តីរាយការណ៍បានបន្ថែមថា កិច្ចប្រជុំនេះអាចកំណត់ទិសដៅនៃដំណាក់កាលបន្ទាប់នៃជម្លោះ រួមទាំងការសម្រេចចិត្តថាតើត្រូវងាកទៅរកផ្លូវការទូតម្តងទៀត ឬបង្កើនសកម្មភាពយោធា។
ប្រទេសទាំង ៦ នៅតំបន់ឈូងសមុទ្រនោះរួមមាន៖ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា បារ៉ែន គុយវ៉ែត និងអូម៉ង់។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ប្រសិនបើលោក ត្រាំ ចង់បន្តប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំ លោកនឹងត្រូវការការគាំទ្រពីសម្ព័ន្ធមិត្តក្នុងតំបន់របស់លោក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានថ្លែងជាច្រើនដងថា ជម្លោះនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ៕
