ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ច្រានចោលសំណើ របស់សហរដ្ឋអាមេរិក​ ពាក់ព័ន្ធនឹងធនធានរ៉ែសំខាន់ៗរបស់ខ្លួន

ប្រេស៊ីល៖​ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឧ្យដឹងថា លោកបានបដិសេធទាំងស្រុងនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំសិទ្ធិទទួលបានអាទិភាពលើធនធានរ៉ែសំខាន់ៗរបស់ប្រេស៊ីល ដោយមិនចាំបាច់រង់ចាំការចាប់ផ្តើមការចរចាឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញវិទ្យុ Radio Itatiaia លោក Lula បានលេីកឡេីងថា លក្ខខណ្ឌដែលស្នើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ គឺ «មិនអាចទទួលយកបាន» ហើយឯកសារនោះត្រូវបានដាក់ចូលទៅក្នុងបញ្ជី «ឯកសារដែលត្រូវបោះបង់ចោល» របស់រដ្ឋបាលប្រេស៊ីល។

លោកបានបន្ដថា៖ «វាគឺជាការទាក់ទងគ្នាលើកដំបូងដែលយើងទទួលបាន ហើយយើងបានបដិសេធវា។ យើងមិនបានពិភាក្សាអំពីឯកសារនោះទេ ព្រោះវាជារឿងមិនអាចទទួលយកបាន​ ដែលប្រទេសមួយមានសិទ្ធិអាទិភាពលើធនធានរ៉ែរបស់ប្រទេសយើង»។

យោងតាមសំណើនោះ ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំក្នុងចំណោមចំណុចផ្សេងៗទៀត ឱ្យមានការជូនដំណឹងជាមុនអំពីការលក់ធនធានរ៉ែយុទ្ធសាស្ត្ររបស់ប្រេស៊ីល មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ជាស្ថាពរ ក៏ដូចជាការផ្តល់សិទ្ធិអាទិភាពដល់ក្រុមហ៊ុនអាមេរិកផងដែរ។

ប្រធានាធិបតីប្រេស៊ីលរូបនេះបានបញ្ជាក់ថា ការរុករក ការកែច្នៃ និងការអភិវឌ្ឍឧស្សាហកម្មធនធានរ៉ែរបស់ប្រេស៊ីល ត្រូវតែស្ថិតនៅក្រោមច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ដោយប្រទេសនៅអាមេរិកខាងត្បូងមួយនេះផ្ទាល់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top