ព័ត៌មានអន្តរជាតិ

អាមេរិក​ អនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿងទៅឱ្យអារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក​ បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានអនុម័តលើការ លក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង និងឧបករណ៍ពាក់ព័ន្ធនានា ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា តម្លៃសរុបប៉ាន់ស្មាននៃការលក់នេះគឺ ២៤,៣ ពាន់លានដុល្លារអាមេរិក។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្នើសុំទិញយន្តហោះចម្បាំង F-35 Lightning II Joint Strike Fighter ចំនួន ៤៨ គ្រឿង (ប្រភេទហោះឡើង និងចុះចតតាមបែបធម្មតា) ព្រមទាំងម៉ាស៊ីនយន្តហោះ Pratt & Whitney F135-PW-100 ចំនួន ៤៩ គ្រឿង (ក្នុងនោះ ៤៨ គ្រឿងសម្រាប់បំពាក់លើយន្តហោះ និង ១ គ្រឿងទៀតជាគ្រឿងបន្លាស់)។

យោងតាមសេចក្តីថ្លែងការណ៍ដដែល ការលក់ដែលបានស្នើឡើងនេះ “នឹងបង្កើនសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីត​ ក្នុងការទប់ស្កាត់ការគំរាមកំហែងទាំងបច្ចុប្បន្ន និងអនាគត តាមរយៈការពង្រឹងការការពារទឹកដីរបស់ខ្លួន និងការបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងអាមេរិក ក៏ដូចជាកងកម្លាំងផ្សេងទៀតនៅក្នុងតំបន់ និងកងកម្លាំងណាតូ” ប៉ុន្តែវានឹង “មិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់នោះទេ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top