អ៊ីរ៉ង់ ច្រានចោលការអះអាង របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេង នៅច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ លោក Abolfazl Shekarchi អ្នកនាំពាក្យជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានច្រានចោលការអះអាង របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលថា កងកម្លាំងអាមេរិកបានគាំទ្រ ដល់ការដឹកជញ្ជូនប្រេងជាង ១ ពាន់លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រហ័រមូស “ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Shekarchi បានពណ៌នាការអះអាងដែលធ្វើឡើងកាលពីដើមថ្ងៃដដែលនោះដោយមេបញ្ជាការ CENTCOM គឺឧត្តមនាវីឯក Brad Cooper ថាជា “រឿងមិនពិត និងគួរឱ្យអស់សំណើច”។
លោកបានបន្ថែមថា សម្តីរបស់លោក Cooper គឺជា “ការបង្វែរការពិត និងជាប្រតិបត្តិការសង្គ្រាមចិត្តសាស្ត្រដែលបរាជ័យ ដើម្បីលើកទឹកចិត្តកងកម្លាំងដែលអស់កម្លាំង និងចុះខ្សោយរបស់កងទ័ពអាមេរិក ដែលត្រូវបានចាត់ទុកថា ជាភេរវករនៅក្នុងតំបន់ និងដើម្បីផ្តល់ហេតុផលសម្រាប់ចំណាយហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ និងការបាត់បង់ជីវិតមនុស្សដែលសហរដ្ឋអាមេរិកបានជួបប្រទះនៅក្នុងតំបន់នេះ”។
លោក Shekarchi បានកត់សម្គាល់ថា ការអះអាងបែបនេះមិនអាចផ្លាស់ប្តូរការពិតនៃការបណ្តេញកងទ័ពអាមេរិកដែល “ឈ្លានពាន” ចេញពីតំបន់នោះបានទេ ដោយសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម និងការគ្រប់គ្រងស្ថានការណ៍នៅច្រកសមុទ្រហ័រមូស នៅតែស្ថិតក្នុងដៃរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដដែល។
នៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃសៅរ៍ លោក Cooper បានឧ្យដឹងថា “យើងបានឈានដល់ចំណុចសំខាន់នេះ ខណៈដែលកំពុងជួយសម្រួលដល់ការធ្វើដំណើររបស់នាវាពាណិជ្ជកម្មជាង ២,០០០ គ្រឿងឆ្លងកាត់ច្រកសមុទ្រនេះ តាមរយៈការផ្តល់ការការពារដែលមានការសម្របសម្រួលគ្នា។ ជាក់ស្តែង សន្ទុះនៃសកម្មភាពនេះកំពុងកើនឡើង”៕
ប្រែសម្រួល ឈូុក បូរ៉ា
