ព័ត៌មានជាតិ

ដំណឹងល្អ! មន្ទីរដែនដីខេត្តបន្ទាយមានជ័យ នឹងចែកបណ្ណអចលនវត្ថុជាង១ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ ចាប់ពីថ្ងៃស្អែកនេះ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០,៧១៦បណ្ណ ជូនប្រជាពលរដ្ឋមកពី ១២ភូមិ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅវត្តប្រាសាទស្រះឈ្នួរ ។

ការចែកបណ្ណទ្រង់ទ្រាយធំនេះ គ្របដណ្តប់លើភូមិសំរោងតូច គោកពង្រ ថ្មគោល ប្រពុត បន្ទាត់បោះ គោកទ្រាស ឈ្នួរ សំរោងធំ ប្ញស្សីខាង ភូមិប្ញស្សីកណ្តាល រពាត់ និងភូមិគោកត្រាច ដែលជាកិច្ចខិតខំប្រឹងប្រែងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់អចលនវត្ថុជូនពលរដ្ឋ។

ពិធីចែកផ្ទាល់នៅទីតាំងវត្តនឹងប្រព្រឹត្តទៅរយៈពេល ០៧ថ្ងៃ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦) នេះបើតាមជូនដំណឹងលើផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលខកខានទៅចូលរួមទទួល មន្ត្រីជំនាញនឹងបន្តចែកជូនរៀងរាល់ម៉ោងធ្វើការនៅមន្ទីររៀបចំដែនដីខេត្ត ដោយគ្មានការកំណត់ពេលឡើយ៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top