Feature

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៤នាក់ បន្ទាប់ពីគំរាមកំហែងទារប្រាក់ជាង ៥ពាន់ដុល្លារ

ព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៤នាក់ បន្ទាប់ពីគំរាមកំហែងទារប្រាក់ជាង ៥ពាន់ដុល្លារ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កើតឡើងនៅអគារស្តារបេ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តាមការបំភ្លឺរបស់ជនរងគ្រោះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ បានប្រើហិង្សា ចាប់ចង និងគំរាមជនរងគ្រោះឱ្យផ្តល់លេខកូដគណនីធនាគារ រួចធ្វើការផ្ទេរប្រាក់ពីគណនី Wing, ABA និង ACLEDA សរុបចំនួន ៥,២៥០ដុល្លារអាមេរិក ព្រមទាំងយកទូរស័ព្ទដៃរបស់ជនរងគ្រោះមួយគ្រឿង ហើយគេចខ្លួន ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។

រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៤នាក់ ក្នុងនោះ ០៣នាក់ពាក់ព័ន្ធផ្ទាល់ក្នុងសកម្មភាព និងម្នាក់ទៀតពាក់ព័ន្ធគណនីទទួលប្រាក់ពីជនរងគ្រោះ ។ សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃចំនួន ០៦គ្រឿង ជាវត្ថុតាង។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ កសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top