Feature

ទឹកអូរព្រំដែនឡើងខ្លាំង កម្លាំងវរសេនាតូចការពារព្រំដែន៨៩១ ចុះត្រួតពិនិត្យនិងអប់រំតាមខ្នងផ្ទះ ត្រៀមជម្លៀសពលរដ្ឋរងគ្រោះដោយជំនន់

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងវិបត្តិទឹកជំនន់លិចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីទឹកអូរព្រំដែនកម្ពុជា-ថៃ ស្ទុះឡើងខ្លាំងកម្ពស់គួរឱ្យបារម្ភ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ឆ្លងដែនយ៉ាងគំហុកពីខេត្តស្រះកែវ ប្រទេសថៃ បង្កឱ្យជន់លិចលំនៅឋានប្រជាពលរដ្ឋ អគាររដ្ឋបាលសាធារណៈ សាលារៀន មន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាលជាបណ្តើរៗ។

នៅរសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានដឹកនាំកម្លាំងចុះផ្ទាល់ដល់ភូមិសាស្ត្រប៉ុស្តិ៍អូរជ្រៅ ក្បាលស្ពាន និងបុរីថ្មី ដើម្បីត្រួតពិនិត្យសភាពការណ៍ទឹកជំនន់ និងចុះអប់រំតាមខ្នងផ្ទះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់អូរបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះកូនចៅតូចៗ កុំឱ្យចុះលេងទឹកក្នុងពេលទឹកឡើងខ្លាំង ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ ឬលង់ទឹក។

ឆ្លើយតបនឹងស្ថានភាពអាសន្ននេះ លោកវរសេនីយ៍ឯក បោន សីហា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅ ក្បាលស្ពាន និងបុរីថ្មី ដែលស្ថិតនៅជិតប្រជាពលរដ្ឋជាងគេ ឱ្យត្រៀមកម្លាំងចុះអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើជនងាយរងគ្រោះដូចជា ចាស់ជរា អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ និងសត្វចិញ្ចឹម ជាអាទិភាព ដើម្បីជួយសង្គ្រោះបន្ទាន់ រៀបចំទីទួលសុវត្ថិភាព និងជម្លៀសពលរដ្ឋទៅកាន់ទីនោះឱ្យបានទាន់ពេលវេលាក្នុងករណីមានអាសន្ន។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានបញ្ជាក់ថា ស្ថានភាពទឹកអូរព្រំដែនកំពុងហក់ឡើងខ្ពស់ ដែលបានជះឥទ្ធិពលខ្លះដល់ប្រជាពលរដ្ឋរស់នៅតាមដងអូរ ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។ អាជ្ញាធរក្រុងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តឡើងខ្ពស់ ខណៈមន្ត្រីជំនាញបានបើកទ្វារទឹកទាំងអស់នៅផ្នែកខាងក្រោម ដើម្បីពន្លឿនការរំដោះទឹក និងកាត់បន្ថយផលប៉ះពាល់។

ទន្ទឹមគ្នានេះ លោក ឡាយ សុទ្ធី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់ផ្នែកខាងលើរួមនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឱ្យកម្រិតទឹកទូទាំងខេត្តកើនឡើង ប៉ុន្តែពុំទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ជាក់ស្តែង ទឹកនៅអូរល្ហុង ក្រុងប៉ោយប៉ែត មានកម្រិត ៤,៦៧ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៥០ម៉ែត្រ), អូរស្ពាន ស្រុកម៉ាឡៃ មានកម្រិត ២,៨០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៤,២០ម៉ែត្រ) និងអូរបីជាន់ ស្រុកអូរជ្រៅ មានកម្រិត ៣,៩០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,២០ម៉ែត្រ)៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top